(សារ៉ាយវ៉ូ)៖ អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិបូស្នៀ លោក Meho Kodro ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ នៅថ្ងៃទី០៣ ខែសីហានេះ ១៥ឆ្នាំ បន្ទាប់ពីលោកធ្លាប់បានធ្វើជាគ្រូបង្វឹករយៈពេលខ្លីម្តងរួចមកហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ការតែងតាំងលោក Meho Kodro នេះ បានធ្វើឡើង បន្ទាប់ពីបូស្នៀបានបរាជ័យជាបន្តបន្ទាប់ នៅក្នុងការប្រកួតជម្រុះ Euro 2024 នាពេលថ្មីៗនេះរបស់ពួកគេ។

Kodro មានចំណេះដឹង និងលក្ខណៈសម្បតិ្ត ក្នុងការនាំពួកយើង ទៅកាន់ Euro។ នេះបើតាមសម្តីលោក Zeljkovic ប្រធានសមាគមបាល់ទាត់បូស្នៀ បានប្រាប់អ្នកសារព័ត៌មាន។

លោកបានបន្ថែមថា Kodro ត្រូវបានជ្រើសរើស ដោយការបោះឆ្នោតជាឯកច្ឆ័ន នៅក្នុងក្រុមប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធ។

Kodro បានជំនួសតំណែងលោក Faruk Hadzibegic ដែលត្រូវបណ្តេញចេញពីតំណែង។​

លោក Kodro ដែលបានចាប់ផ្តើមអាជីពរបស់លោក អំឡុងពាក់កណ្តាលទសវត្សរ៍១៩៨០ ជាមួយនឹងក្លិបក្នុងប្រទេសកំណើត Velez Mostar នោះ, ធ្លាប់លេងនៅអេស្ប៉ាញ ជាមួយក្លិប Real Sociedad, Barcelona, Tenerife និងក្លិប Deportivo Alaves។

លោកក៏បានចូលរួមលេងនៅក្លិបអ៉ីស្រាអែល Maccabi Tel Aviv ក្នុងឆ្នាំ២០០០ ជាក្លិបដែលលោកបានលេង រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ២០០២៕