(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Oppo កំពុងធ្វើការកែប្រែនិមិត្តសញ្ញាក្រុមហ៊ុនរបស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤មក ដោយការកែប្រែថ្មីនេះនឹងប្តូរពីនិមិត្តសញ្ញាពណ៌បៃតងរបស់ខ្លួនទាំងស្រុងទៅពណ៌ខ្មៅជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

OPPO គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងស្មាតហ្វូនរបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dongguan ខេត្ត Guangdong និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម្លេះ គិតមកទល់ពេលនេះបានចែកចាយស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារពិភពលោកជិត ២០ឆ្នាំមកហើយ។ Oppo បានក្លាយជាម៉ាកយីហោស្មាតហ្វូនឈានមុខគេមួយនៅក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស ដែលក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយ បានពង្រីកវិសាលភាពរបស់ខ្លួនជាសកល និងបានចែកចាយស្មាតហ្វូនបានរហូតដល់ទៅជាង ៤០ប្រទេស និងតំបន់ឯណោះ។

យោងតាមការបង្ហោះសារនៅក្នុង Weibo បានឱ្យដឹងថា Oppo មិនត្រឹមតែមានបំណងលុប Logo ពណ៌បៃតងចោលប៉ុណ្ណោះទេ អាចនឹងឆាប់ៗខាងមុខនឹងចាប់ផ្តើមធ្វើការកែប្រែ Logo ក្រុមហ៊ុនទៅជាប្រភេទmonochrome ជំនួសវិញ។ មានន័យថា ពណ៌បៃតងដែលធ្លាប់មាននៅលើ Oppo នឹងលុបចោលតែអស់តែម្តង ដោយប្តូរទៅប្រើពណ៌ខ្មៅសុទ្ធ ហើយអាចនឹងប្តូរពីនិមិត្តសញ្ញា Oppo ជំនួសឱ្យនិមិត្តសញ្ញាផ្សេងវិញដែលមានន័យស្រដៀងនឹង Oppo។

គួរជម្រាបដែរថា ជាមួយនឹងនិមិត្តសញ្ញាដែល Oppo ទើបតែធ្វើការផ្លាស់ប្តូរបច្ចុប្បន្ននេះ គឺមានផ្ទៃខាងក្រោយពណ៌ខ្មៅ ជាមួយនឹងអក្សរពណ៌ស ខណៈដែលការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា Oppo មានបំណងឆ្លុះបញ្ជាំងពី«មហិច្ឆតាសក» របស់ខ្លួន ហើយក៏ទំនងជាចង់ផ្គាប់ចិត្តអ្នកប្រើប្រាស់លោកខាងលិចផងដែរ៕