(សៀមរាប)៖​ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានរួមគ្នាដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណជ្រុងពាយ័ព្យនៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកឱ្យកាន់តែមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ គឺជាតួនាទីរបស់កូនខ្មែរគ្រប់ៗរូប។ ជាមួយគ្នានេះ ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរា ការងារថែរក្សា ពង្រឹង និងពង្រីកបន្ថែមនូវគម្របព្រៃឈើនៅក្នុងតំបន់អង្គរ និងទូទាំងប្រទេសទាំងមូល ក៏ជាការចូលរួមរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

លោក ឡុង កុសល បានបន្តថា ក្នុងមួយឆ្នាំៗ តាមរយៈនាយកដ្ឋានជំនាញបានបណ្តុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំដុះក្នុងតំបន់អង្គរ និងចែកចាញបន្តទៅកាន់ស្ថាប័នរដ្ឋ និងឯកជននានាយកទៅដាំដុះបន្ត ធ្វើយ៉ាងណាបង្កើនគម្របព្រៃឈើនៅកម្ពុជា។

លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា បានលើកឡើងថា ការគាំទ្រ និងចូលរួមចំណែកក្នុងយុទ្ធនាការដាំដើមឈើនិងស្មៅជាមួយអាជ្ញាធរជាតិអប្សរានាពេលនេះ បានដើរស្របគ្នានឹងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាជនកម្ពុជា ជាពិសេសក្នុងយុទ្ធនាការដាំស្មៅ និងដើមឈើនេះបានចូលរួមចំណែកបង្កើនគម្របបៃតងក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រោះថាដើមឈើនិងស្មៅជាទ្រនាបដ៏សំខាន់ក្នុងការទប់ទល់ការបម្របម្រួលអាកាសធាតុ និងកាត់បន្ថយភាពសឹករេចរឹលនៃប្រាង្គប្រាសាទបុរាណ។

អគ្គនាយរងអាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តីចំពោះវត្តមានក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដែលចូលរួមសហការដាំស្មៅ និងដើមឈើនៅក្នុងតំបន់អង្គរ។

សូមជម្រាបថា ក្រោយពេលប្រជាជនមួយចំនួនបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរទៅកាន់ទីកន្លែងថ្មីដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅនៅលើទីតាំងដីទំនេរ ដោយបានកៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕