(កូរ៉េ)៖ ព័ត៌មានអំពីទំនាក់ទំនងស្នេហា របស់សមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK គឺ Jisoo កំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រជុំវិញពិភពលោក បន្ទាប់ពីអ្នកតំណាងរបស់ YG Entertainment បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា Jisoo និងតារាសម្តែងប្រុសរូបសង្ហារ Ahn Bo Hyun កំពុងមើលចិត្តគ្នាដោយអារម្មណ៍ល្អ និងបានសុំឲ្យអ្នកគាំទ្រយោគយល់ និងចូលរួមអបអរពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

យោងតាម Dispatch បានឲ្យដឹងថា Jisoo វ័យ ២៨ ឆ្នាំគឺជាមនុស្សដែលចូលចិត្តចំណាយពេលភាគច្រើននៅផ្ទះ បន្ទាប់ពីត្រឡប់មកពីបំពេញការងារក្រៅប្រទេស។ ដូចនេះ គូស្នេហ៍នេះទំនងជាជួបគ្នាទីក្រុង Yongsan ប្រទេសកូរ៉េខាងត្បូង។ ទំនាក់ទំនងស្នេហាស្ងាត់ៗរវាង Jisoo សមាជិកក្រុម BLACKPINK និងតារាសម្តែងប្រុស Ahn Bo Hyun (អានបូយ៉ុន) ត្រូវបានបែកធ្លាយនៅថ្ងៃទី០៣ ខែសីហានេះ ខណៈទាំង YG និង FN Entertainment ដែលជាផលិតកម្មរបស់អ្នកទាំងពីរបានបញ្ជាក់ថា នេះជាព័ត៌មានពិត។

គួរបញ្ជាក់ថា គូស្នេហ៍តារាល្បីនេះត្រូវបានគេដឹងថា មានវ័យខុសគ្នា៧ឆ្នាំ ដោយ Ahn Bo Hyun មានអាយុ៣៥ឆ្នាំ ខណៈ Jisoo អាយុ ២៨ឆ្នាំ ប៉ុន្តែតារាទាំងពីរបានបង្ហាញខ្លួនដំបូងនៅឆ្នាំ២០១៦ ដូចគ្នា ដោយ Ahn Bo Hyun ត្រូវបានគេស្គាល់ដំបូងបំផុត តាមរយៈការសម្ដែងក្នុងរឿង «Hiya» (ហៃយ៉ា) ចំណែក Jisoo បានបង្ហាញមុខក្នុងនាមជាសមាជិកក្រុម BLACKPINK។ ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកទាំងពីរមានចំណុចពិសេសស្រដៀងៗគ្នាច្រើនទាំងការសម្ដែង ការច្រៀង និងសូម្បីតែរសនិយមលើម៉ូដសម្លៀកបំពាក់៕