(បាសេឡូណា)៖ ខ្សែការពារអន្តរជាតិប្រេស៊ីល Dani Alves ត្រូវបានរដ្ឋអាជ្ញានៃប្រទេសអេស្ប៉ាញ ចោទប្រកាន់ជាផ្លូវការហើយ បន្ទាប់ពីរកឃើញភស្តុតាងពីករណីរំលោភសេពសន្ថវៈនាអំឡុងខែធ្នូ ឆ្នាំ២០២២ នោះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា អតីតកីឡាករខ្សែការពារក្លិប FC Barcelona និងជម្រើសជាតិសាំប្រេស៊ីលខាងលើនេះ ត្រូវបានរដ្ឋអាជ្ញាកណ្តាលចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករាកន្លងទៅ ជុំវិញរឿងរំលោភសេពសន្ថវៈ។

លោក Alves បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើស្រ្តីម្នាក់ក្នុងក្លឹបរាត្រីមួយកន្លែង នាទីក្រុងបាសេឡូណាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

ភ្លាមៗនោះដែរ បុរសវ័យ ៤០ឆ្នាំខាងលើនេះត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន ដោយមិនតម្រូវឲ្យយកប្រាក់មកធានា ដើម្បីនៅក្រៅឃុំឡើយ បើទោះបីជា Alves បានសារភាពថា «វាការជាព្រមព្រៀងគ្នារវាងដើមចោទក៏ដោយ»

យ៉ាងនេះក្តី មេធាវីរបស់ Alves ក៏មិនបានបញ្ឈប់នីតិវិធីក្នុងការប្តឹងជំទាស់នេះដែរ ដ្បិតបទចោទប្រកាន់ជាផ្លូវការនេះ ពុំទាន់បញ្ជូនដល់តុលាការ ដើម្បីកាត់ទោសដាក់ពន្ធនាគារនៅឡើយទេ។

សូមបញ្ជាក់ផងដែរថា នៅប្រទេសអេស្ប៉ាញ ករណីរំលោភសេពសន្ថវៈ គឺប្រឈមមុខទៅនឹងការកាត់ទោសជាប់ពន្ធនាគារចាប់ពី ៤ទៅ១៥ឆ្នាំ៕