(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Gabriel Jesus នឹងអវត្តមានពីក្លិប Arsenal ក្នុងការពើបប្រទះទល់នឹង Manchester City នាចុងសប្តាហ៍នេះ ដើម្បីដណ្តើមពានបើករដូវកាលលីគអង់គ្លេស FA Community Shield 2023 ដោយសារតែជួបបញ្ហារបួសជង្គង់។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលខាងលើ មានការឈឺចាប់ត្រង់ជង្គង់រយៈពេល ២-៣សប្តាហ៍មកហើយ គ្រាដែលរូបគេក៏បានអវត្តមានក្នុងប្រកួត Pre-season នារាត្រីថ្ងៃពុធ ពេលកាំភ្លើងធំ Arsenal យកឈ្នះ Monaco ដោយលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៦-៥ ផងដែរ។

លើសពីនេះទៀត Jesus ក៏នឹងបន្តអវត្តមានពេល Arsenal ប៉ះ Nottingham Forest នៃជំនួបបើកឆាកក្នុង Premier League សម្រាប់រដូវកាលថ្មី ប្រចាំសប្តាហ៍ទី១ ថែមទៀតផង។

លោក Mikel Arteta អ្នកចាត់ការទូទៅ Arsenal បានថ្លែងពីបញ្ហារបួសរបស់ Jesus ក្រោយចប់ការប្រកួតយប់មិញនេះថា «Jesus អាចនឹងអវត្តមានចាប់ពី ២ទៅ៣សប្តាហ៍យ៉ាងតិច ដែលទាមទារការវះកាត់ផងដែរ បន្ទាប់ពីការពិនិត្យ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានញាំញីដោយរបួសជង្គង់តាំងពីរដូវកាលមុនមកម្ល៉េះ»