(រ៉ូម)៖ អ្នកចាំទីម្ចាស់ពានរង្វាន់ World Cup ឆ្នាំ២០០៦ របស់ក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានប្រកាសចូលនិវត្តន៍ ក្នុងវ័យ ៤៥ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

Buffon បានឈ្នះពានរង្វាន់លីគ Serie A ចំនួន ១០លើក ជាមួយក្លិប Juventus ប៉ុន្តែបានវិលត្រឡប់ ទៅបញ្ចប់អាជីពរបស់លោកវិញ នៅឯក្លិប Parma ជាកន្លែងលោកបានចាប់ផ្តើមអាជីព។

Buffon បានកាន់កំណត់ត្រា ជាកីឡាករដែលបង្ហាញខ្លួន ក្នុងការប្រកួតបានច្រើនជាងគេបំផុត​ ក្នុងលីគ Serie A (៦៥៧ប្រកួត) និងក៏ជាកីឡាករ ដែលទទួលបានកោះហៅច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអ៊ីតាលី ជាមួយនឹងទទួលការកោះហៅ ១៧៦លើកចាប់ពីឆ្នាំ១៩៩៧-២០១៨។

គួររំលឹកថា Buffon បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៨ បន្ទាប់ពីអ៊ីតាលី បានបរាជ័យក្នុងវគ្គជម្រុះ សម្រាប់ការប្រកួត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕