(ភ្នំពេញ)៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានប្រកាសផ្តល់​អាហារូបករណ៍ ១១ កន្លែង លើថ្លៃសិក្សា សម្រាប់កម្មវិធីសិក្សាថ្នាក់វិទ្យាល័យ IB DP ដែលជា​កម្មវិធីសិក្សាថ្នាក់អន្តរជាតិសម្រាប់សិស្សវិទ្យាល័យ (IB DP)ដល់សិស្សានុសិស្សដែលរៀននៅសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងសិស្សានុសិស្សមកពីសាលាផ្សេងទៀតទូទាំងប្រទេសកម្ពុជា​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានបញ្ជាក់ថា ​ការផ្តល់ជូននូវអាហារូបករណ៍នេះ គឺក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍន៍លើវិស័យអប់រំ ​ពោលគឺ «ទាំងអស់គ្នាដើម្បីការអប់រំ ការអប់រំដើម្បីទាំងអស់គ្នា» និងការអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ​ឲ្យកាន់តែរីកចម្រើនទ្វេដង។

សម្រាប់ការផ្តល់អាហារូបករណ៍នេះរួមមាន៖
* អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ១កន្លែង
* អាហារូបករណ៍ ៥០% លើថ្លៃសិក្សា ៥កន្លែង
* អាហារូបករណ៍ ៤០% លើថ្លៃសិក្សា ៥កន្លែង ​

លក្ខខណ្ឌចូលរួម សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍៖
១៖ ជាសិស្សបានបញ្ជប់ការសិក្សាថ្នាក់ទី១០។
២៖ ត្រូវមកទទួលនិងបំពេញពាក្យចូលរូមប្រឡងប្រជែងយកអាហារូបករណ៍។
៣៖ ធ្វើវីដេអូមួយ ពណ៌នាអំពីព័ត៌មានផ្ទាល់ខ្លួន និងពន្យល់អំពីមូលហេតុ ដែលនាំឲ្យពួកគេសក្តិសមជាបេក្ខភាព ដែលនឹងទទួលបានអាហារូបករណ៍នេះ (តិចជាង៥នាទី)។
៤៖ សិស្សានុសិស្សដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានទាក់ទង ដើម្បីរៀបចំព្រឹត្តិប័ត្រពិន្ទុការសិក្សារបស់ពួកគេ ពីសាលារៀនបច្ចុប្បន្ន ដោយមានការសម្ភាសចុងក្រោយ ដោយគណ:កម្មការសាលាផងដែរ។
៥៖ ត្រូវគោរពតាមគោលការណ៍អាហារូបករណ៍របស់សាលា។

ចំពោះ គោលការណ៍អាហារូបករណ៍៖
១៖ អាហារូបករណ៍នេះត្រូវបានផ្តល់ជូនរហូតរៀនចប់កម្មវិធី IB DP។ ប៉ុន្តែនៅពេលចប់ថ្នាក់ទី ១១សិស្សអាហារូបករណ៍នេះ ត្រូវតែទទួលបានមធ្យមភាគពិន្ទុ ៣០ នៃពិន្ទុសរុប ៤០ ទើបទទួលបានអាហារូបករណ៍នេះ បន្តទៀតនៅថ្នាក់ទី១២។
២៖ អាហារូបករណ៍នេះមិនអាចយកទៅបូកជាមួយអាហារូបករណ៍ផ្សេងៗទៀត ដែលសិស្សទទួលបានរួចហើយនោះទេ។

បន្ទាប់ពីការសម្ភាសចុងក្រោយ សាលានឹងប្រកាសឈ្មោះសិស្សដែលទទួលបានអាហារូបករណ៍ បន្ទាប់មកសិស្សជ័យលាភីនឹងចាប់ផ្តើមចូលរៀន នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣។

អាហារូបករណ៍នេះនឹងចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច​៕