(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea FC បានសម្រេចការទិញបានខ្សែបម្រើវ័យក្មេង Lesley Ugochukwu ពីក្លិប Rennes ស្ថិតក្នុងតម្លៃប្រមាណ ២៧លានអឺរ៉ូ តែគ្រូបង្វឹកក្លិបលោក Mauricio Pochenttino បាននិយាយថា កីឡាករចំណូលថ្មីនេះ អាចមានការលេងខ្ចីសិន។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

Ugochukwu មានវ័យ ១៩ឆ្នាំ បានសម្រេចចិត្តលើកិច្ចសន្យាលេងរយៈពេល ៧ឆ្នាំ ប៉ុន្តែគ្រូបង្វឹក Pochenttino មិនទាន់សម្រេចិត្តភ្លាមៗ សម្រាប់អនាគតកីឡាករអន្តជាតិបារាំង នេះនៅឡើយនោះទេ ដែលស្ថិតក្នុងការតាមដានពីគ្រូបង្វឹក ក្នុងការហ្វឹកហាត់ជាមួយក្រុម អំឡុងពេលដំណើរកម្សាន្ត នឹងនៅទីក្រុងឡុងដ៍។

Ugochukwu ជាកីឡាករលេងបាន ៤៧ប្រកួតនៅលីអ Ligue 1 ជាមួយក្លិប Rennes នឹងបានលេងនៅពាន Europa League ផងដែរ ហើយមានកិច្ចសន្យាសល់ ១ឆ្នាំទៀតនោះ មិនទាន់បានជាប់ជម្រើសជាតិបារាំង ឈុតធំនោះទេ តែធ្លាប់ជាប់ជម្រើសកម្រិតយុវជន U17, U18 និង U19 សរុបរកបាន ៣គ្រាប់ផងដែរ។

របាយការណ៍បន្តថា ក្លិប Chelsea ក៏កំពុងតាមទិញយកខ្សែបម្រើ Moises Caicedo របស់ក្លិប Brighton នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ជាមួយនឹងព្យាយមដេញថ្លៃតម្លៃប្រមាណ ៨០លានផោនត្រូវបានច្រានចោលកាលពីសប្តាហ៍មុន ខណៈលោក Pochettino កំពុងស្វែងរកកីឡាករដែលមានបទពិសោធន៍មកបំពេញទម្រង់លេងរបស់ក្រុម៕