(អឺរ៉ុប)៖ ខ្សែប្រយុទ្ធ Ousmane Dembele និងចូលរួមជាមួយក្លិបលីគបារាំង Paris Saint Germain, នេះបើតាមគ្រូបង្វឹកក្លិប FC Barcelona លោក Xavi បានឲ្យដឹង ហើយត្រូវបានចុះផ្សាយដោយ BBC នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធមានវ័យ ២៦ឆ្នាំ ស្ថិតក្នុងក្រុមជម្រើសជាតិបារាំង បានស្ថិតក្នុងជម្រើសកីឡាករបម្រុងរបស់ Barcelona នៃជំនួបមិត្តភាពមុនបើករដូវកាលថ្មី ដែលបានយកឈ្នះ ១-០ ទៅលើក្រុម AC Milan ធ្វើឡើងនៅរដ្ឋ Las Vegas នាថ្ងៃពុធនេះ។

គ្រូបង្វឹក Xavi បាននិយាយថា «គាត់ទទួលបានសំណើរនេះ ហើយគាត់សម្រេចចាកចេញ ដែលវាគឺជាការសម្រេចផ្ទាល់ខ្លួន» លោកបន្តថា «ខ្ញុំច្បាស់ណាស់ គាត់មានសំណើរដោយផ្ទាល់ពីក្លិប PSG ដែលពួកគេបានទាក់ទងមកគាត់ ហើយយើងមិនអាចធ្វើអ្វីគ្រប់យ៉ាងនាពេលនេះ ដែលហេតុនេះហើយបានជាគាត់មិនបានបង្ហាញខ្លួននៅជំនួបមិត្តភាព»

រំលឹកផងថា Dembele ជាកីឡាករម្នាក់រកបាន ៤០គ្រាប់ ពីការបង្ហាញខ្លួន ១៨៥ប្រកួត ក្រោយពេលមកចូលរួមជាមួយ Barcelona ដែលផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ ១៣៥លានផោនកាលឆ្នាំ២០១៧ ដ្បិតកាលឆ្នាំ២០២២ រូបគេទើបបានសម្រេចបន្តកិច្ចសន្យា ២ឆ្នាំជាមួយក្លិបអេស្ប៉ាញ៕