(បរទេស)៖ យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Eras Tour» របស់ Taylor Swift ត្រូវបានគេព្យាករណ៍ថា នឹងក្លាយទៅជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសក្តានុពលក្នុងការរកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក។ ប្រការនេះមិនមែនជារឿងចម្លែកនោះទេ ដែលតារារូបនេះចំណាយប្រាប់រាប់លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់ក្រុមការងាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

នៅថ្ងៃអង្គារសប្តាហ៍នេះ គេហទំព័រ TMZ បានរាយការណ៍ថា Swift បានផ្តល់រង្វាន់ដល់អ្នកដឹកសម្ភារៈប្រគំតន្ត្រីនូវប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ជាការលើកទឹកចិត្តដល់ក្រុមការងារ ក្រោយបំពេញការងារដ៏មមាញឹកកន្លងមក។ TMZ បានបន្ថែមថា មានអ្នកដឹកសម្ភារៈប្រហែល៥០នាក់ សម្រាប់ដំណើរកម្សាន្តរបស់នាង Swift ដោយក្នុងនោះនាងចំណាយអស់៥លានដុល្លារ សម្រាប់ចែកទៅកាន់អ្នកដឹកទំនិញ។

ប្រភពមួយផ្សេងទៀតបានប្រាប់ទស្សនាវដ្តី People ថា តារាចម្រៀងរូបនេះក៏បានផ្តល់ប្រាក់រង្វាន់ ដល់អ្នករាល់គ្នាដែលធ្វើការជាមួយនាង រួមទាំងអ្នករាំ អ្នកហាត់សម អ្នកបច្ចេកទេសសំឡេង និងអ្នកផ្តល់ម្ហូបអាហារ ដែលគិតជាទឹកប្រាក់សរុប ៥៥លានដុល្លារអាមេរិក។

គួរជម្រាបថា Taylor Swift នឹងបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននៅសប្តាហ៍នេះ ដោយការសម្តែងនៅ SoFi Stadium ជាកន្លែងដែលនាងចាប់ផ្តើមសម្តែងលើកដំបូង៕