(ភ្នំពេញ)៖ សិស្សឆ្នើម ២រូប មកពីសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដណ្តើមបានពាន និងមេដាយចំនួន៦គ្រឿង បន្ទាប់ពីបានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងកម្មវិធី «បញ្ញាវន្តអន្តរជាតិ ឆ្នាំ២០២៣ The World Scholar's Cup2023» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានរៀបចំនៅប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសិស្សានុសិស្ស មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

យុវតី ទេព សុវណ្ណពិសី សិស្សទី១១ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលបានទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ ទទួលបានមេដាយមាស១ និងមេដាយប្រាក់១ ពីការប្រកួតលើវិញ្ញាសារសរសេរតែងសេចក្តីជាក្រុម និងការប្រកួតការជជែកពិភាក្សាដេញដោល។

ចំណែកយុវតី សុខ អេណា សិស្សថ្នាក់ទី១១ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ទទួលបានមេដាយមាសចំនួន២ និងមេដាយប្រាក់ចំនួន២ ដែលបានមកពី ការប្រកួតលើវិញ្ញាសារសរសេរតែងសេចក្តីម្នាក់ឯង និងជាក្រុម និងការប្រកួតលើវិញ្ញាសារ ការពិភាក្សាដេញដោល ម្នាក់ឯង និងជាក្រុម។ លើសពីនេះទៅទៀត យុវតីរូបនេះ ក៏ទទួលបានពានចំនួន១ទៀតផងដែរ បន្ទាប់ពី ដណ្តើមបានចំណាត់ថ្នាក់លេខ៥ នៅទូទាំងពិភពលោក លើវិញ្ញាសារតែងសេចក្តីជាភាសាអង់គ្លេស ដែលធ្វើឱ្យរូបគេ នឹងត្រូវទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិកនាពេលខាងមុខ។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News យុវតីទាំងពីររូបបាន បង្ហាញមោទកភាព ដែលពួកគេ អាចដណ្តើមបានពាន មេដាយមាស និងមេដាយប្រាក់ ដែលជាការចូលរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។

ក្រៅពីការប្រកួតភាសាអង់គ្លេសនេះ ពួកគេថែមទាំងបានជួយផ្សព្វផ្សាយវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ឱ្យបានស្គាល់ខ្មែរ ផងដែរ តាមរយៈការសម្តែងរបាំខ្មែរ នៅលើឆាកដ៏ធំ តំណាងឱ្យកម្ពុជា។

អ្នកស្រី ចាត សូរស្មី ដែលជាម្តាយរបស់ យុវតី ទេព សុវណ្ណពិសី បានបង្ហាញអារម្មណ៍រីករាយ ដែលកូនស្រី បានបញ្ចេញសមត្ថភាពនៅលើអន្តរជាតិ និងបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ រហូតទទួលបានមេដាយមាស និងមេដាយប្រាក់។ មិនតែប៉ុណ្ណោះ កូនស្រីពៅក្នុងគ្រួសាររូបនេះ ថែមបានបាននាំវប្បធម៌ខ្មែរឲ្យឆាកអន្តរជាតិបានស្គាល់ខ្មែរកាន់តែច្បាស់ទៀតផង។

ទន្ទឹមគ្នានេះ លោក សុខ លីណា ដែលជាឪពុករបស់ យុវតី សុខ អេណា បានឱ្យដឹងថា យុវតី សុខ អេណា ជាមនុស្សម្នាក់ដែលចូលចិត្តរៀនសូត្រ និងរៀនពូកែតាំងពីតូចមក។ មិនតែប៉ុណ្ណោះរូបគេ ក៏ជាសិស្សម្នាក់ដែលចូលចិត្តចូលរួមការប្រកួតប្រជែងចំណេះដឹងផ្សេងៗ ហើយតែងតែទទួលបានលទ្ធផលល្អ ។

លោកលើកឡើងបន្តថា នេះជាលើកទី១ ដែលអេណាបានទៅចូលរួមប្រកួតនៅបរទេស ហើយលោកនឹងបន្តលើកទឹកចិត្តកូនស្រីឱ្យទៅប្រកួតនៅក្រៅប្រទេសបន្តទៀត ជាពិសេសការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក នាពេលខាងមុខ។

ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានគូសបញ្ជាក់ថា ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស សាលាអាមេរិកាំងហ្គោលឌិនហ្គេត តែងតែដឹកនាំសិស្សទៅចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិធំៗជាច្រើននៅតាមបណ្តាប្រទេសនានា។

លោកស្រីបន្តថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានដឹកនាំ សិស្សានុសិស្សចំនួន២៣១នាក់ ទៅចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិធំៗ ដូចជា The World Scholar Cup, Copernicus Olympiad, TeenEagle, Pangea Math Olympiad ដែលបានរៀបចំឡើងនៅតាមប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អូស្ត្រាលី។ ជាលទ្ធផល សិស្សានុសិស្សទទួលបានពានចំនួន៣ និង មេដាយសរុបចំនួន ៣១៧គ្រឿង ក្នុងនោះមេដាយមាសចំនួន៧០គ្រឿង មេដាយប្រាក់ចំនួន១២៨ គ្រឿង មេដាយសំរិទ្ធចំនួន៩៩គ្រឿង និងមេដាយកិត្តយសចំនួន២០គ្រឿង៕