(ភ្នំពេញ)៖ ក្រុមហ៊ុនព្រូដិនសល ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ បានសហការគ្នាជាដៃគូជាមួយក្រុមហ៊ុន foodpanda កម្ពុជា ជាក្រុមហ៊ុនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា ពីភាពជាដៃគូយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ ទូទាំងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

តាមរយៈភាពជាដៃគូនេះក្រុមហ៊ុនព្រូដិនសល នឹងបង្កើតហើយផ្ដល់ផលិតផលឌីជីថលសម្រាប់ដៃគូនានារបស់ foodpanda មានដូចជា ហាងពាណិជ្ជករ និងអតិថិជន ភាពជាដៃគូនេះត្រូវបានបង្កើតឡើងយោងលើចក្ខុវិស័យរួមគ្នា ផ្ដោតលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីផ្តល់ដំណោះស្រាយ ផ្នែកឌីជីថល សម្រាប់បណ្ដាញទាំងអស់របស់ foodpanda។

លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រូដិនសល បានថ្លែងថា «កិច្ចសហការនេះបង្កើតគោលដៅថ្មីមួយ សម្រាប់ភាពជាដៃគូ ដោយការប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មី ដើម្បីផ្តល់ជូនការការពារផ្នែកហិរញ្ញវត្ថុ ឲ្យកាន់តែប្រសើរឡើងទៅកាន់អតិថិជន។ យើងមានភាពសោមនស្ស ដែលបានធ្វើការធ្វើរួមបញ្ចូលនូវបណ្តាញឌីជីថលដ៏ទូលំទូលាយរបស់ foodpanda ដែលការរួមបញ្ចូលនេះ បានផ្ដោតសំខាន់ទៅលើអតិថិជនជាចម្បង និងដើម្បីធានាឲ្យបាននូវ ដំណោះស្រាយធានារ៉ាប់រងឌីជីថល សម្រាប់ដៃគូសហការផងដែរ»

លោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានលើកឡើងថា «ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនព្រូដិនសល ជាកិច្ចសហការដ៏សំខាន់មួយសម្រាប់ទីផ្សារ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេ foodpanda តែងតែខិតខំកែលម្អសុខុមាលភាព និងផ្តល់សេវាកម្មកាន់តែប្រសើរ សម្រាប់ដៃគូ និងអតិថិជនតាមដែលអាចធ្វើទៅបាន ហើយយើងជឿជាក់ថា តាមរយៈកិច្ចសហការនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ភាគីពាក់ព័ន្ធ ផ្ដល់ឲ្យនូវភាពងាយស្រួល ក្នុងការទទួលបាននូវកញ្ចប់ធានារ៉ាប់រងឌីជីថលរបស់ព្រូដិនសល»។

ក្រុមហ៊ុនទាំងពីរនឹងបន្តបង្កើត និងផ្តល់ជូននូវដំណោះស្រាយ តាមរយៈប្រព័ន្ធឌីជីថល កិច្ចសហការនេះបានបង្ហាញពី ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះជាជំហានដ៏សំខាន់ ឆ្ពោះទៅកាន់ទិដ្ឋភាពឌីជីថលដែលរួមបញ្ចូលគ្នាកាន់តែច្រើន ការការពារផ្នែកហិរញ្ញវត្ថុ និងសេវាកម្មសំខាន់ៗរួមបញ្ចូលគ្នា ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែប្រសើរ ដល់ភាគីពាក់ព័ន្ធទាំងអស់។

ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ភីអិលស៊ី បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់ប្រជាពលរដ្ឋកម្ពុជាជាង៣២១ ០០០គ្រួសារ និងបានផ្តល់សំណងជាង១៩.២លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរ ដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់ សមភាពនៃឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

foodpanda គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសដល់អតិថិជនតាមរយៈកម្មវិធីទូរស័ព្ទដៃ។ ក្រុមហ៊ុនបានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងម្ចាស់ហាង ដោយជួយដៃគូទាំងអស់អោយឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលនៃអាជីវកម្ម និងនាំយកអតិថិជនរបស់ពួកគេឱ្យកាន់តែជិតស្និទ្ធ។

foodpanda បានក្លាយជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសអនឡាញឈានមុខគេក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ឬអតិថិជនទាំងអស់អាចបញ្ជាទិញទំនិញ បានយ៉ាងងាយស្រួល ពីភោជនីយដ្ឋាន ឬហាងដែលពួកគេចូលចិត្តតាមរយៈកម្មវិធីទូរស័ព្ទដៃ (foodpanda App) ទូទាំងប្រទេសកម្ពុជា។

នៅពេលរៀបចំរួចរាល់ អ្នកដឹកជញ្ជូននឹងយករបស់ដែលបានកុម្ម៉ង់ រួចហើយដឹកជញ្ជូនយកទៅដល់មាត់ទ្វាររបស់អតិថិជនតែម្តង។
foodpanda បានចូលទីផ្សារកម្ពុជា ហើយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕