(ភ្នំពេញ)៖ កីឡាករលើកទម្ងន់កម្ពុជា ប្រកួតលើវិញ្ញាសា Bench Press ដណ្តើមបានមេដាយមាស ០២គ្រឿងបន្ថែមទៀតជូនជាតិ ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា, នេះបើតាមប្រភពពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឲ្យដឹងនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

កីឡាករដែលដណ្តើមបានមេដាយមាសទាំង ០២គ្រឿងនេះ ក្នុងវិញ្ញសាលើកទម្ងន់ Bench Press មានដូចជា៖
១. កីឡាករ នុត ឧត្តម ដណ្តើមបានមេដាយមាស ០១គ្រឿង ប្រភេទទម្ងន់ ៥៩គីឡូក្រាម អាយុ៣០ឆ្នាំឡើង។
២. កីឡាករ នុត សេរីរដ្ឋា ដណ្តើមបានមេដាយមាស ០១ ប្រភេទទម្ងន់ ៦៦គីឡូក្រាម អាយុ៣៥ឆ្នាំឡើង។

សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ៣៨គ្រឿងហើយ ក្នុងនោះមានមេដាយមាស ១៧ ប្រាក់ ១៦ និងសំរឹទ្ធ ៥គ្រឿង គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕