(អាមេរិក)៖ តារាចម្រៀងអង់គ្លេសល្បីឈ្មោះនាង Dua Lipa ត្រូវបានរាយការណ៍ថា កំពុងតែប្រឈមមុខនឹងបណ្តឹងថ្មីមួយទៀត នៅតុលាការ Los Angeles ដែលប្តឹងដោយតារាចម្រៀង Bosko Kante ដោយចោទថា Dua Pipa និងក្រុមហ៊ុនចម្រៀងរបស់នាង Warner Music Group មិនធ្លាប់ទទួលបានការអនុញ្ញាតិពីលោកផ្ទាល់ឡើយ ជុំវិញការប្រើប្រាស់ស្នាដៃ Remixes របស់លោក ក្នុងចម្រៀងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

Kante បាននិយាយនៅក្នុងពាក្យបណ្ដឹងថា ការប្រើប្រាស់នូវអ្វីដែលលោកសម្តែង លើបទចម្រៀងល្បីរបស់ Lipa ចំនួនបីបទ បានរំលោភលើការរក្សាសិទ្ធិរបស់លោក។ ពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃចន្ទ បាននិយាយថា Kante មានសិទ្ធិទទួលបានប្រាក់ចំណេញច្រើនជាង ២០លានដុល្លារអាមេរិក ប្រសិនបើឈ្នះក្តី ជុំវិញករណីរំលោភកម្មសិទ្ធិបញ្ញាបទចម្រៀងនេះ។ យ៉ាងណាមិញបើតាមអ្នកតំណាងរបស់ Kante, Lipa និង WMG មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។

គួរជម្រាបថា Lipa បានប្រឈមនឹងបណ្តឹងកម្មសិទ្ធិបញ្ញាចំនួនពីរផ្សេងទៀតរួចហើយ ជុំវិញការផលិតបទចម្រៀង «Levitating» របស់ខ្លួន ពោលគឺពាក្យបណ្តឹងមួយពីក្រុម reggae Artikal Sound System ត្រូវបានតុលាការច្រានចោលក្នុងខែមិថុនា និងបណ្តឹងដាច់ដោយឡែកមួយទៀត ពីអ្នកនិពន្ធបទចម្រៀង Sandy Linzer និង L. Russell Brown កំពុងបន្តនីតិវិធី៕