(កាណាដា)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបន្ថែមមេដាយ ១៨គ្រឿងទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ដែលដណ្ដើមបានលើប្រភេទកីឡាហែលទឹក និងកីឡាការ៉ាតេ។

សម្រាប់អត្តពលិកកីឡាហែលទឹក របស់ក្រសួងមហាផ្ទៃ បានបន្ថែមមេដាយ ១០គ្រឿងទៀត រួមមានមេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ៣ បន្ទាប់ពីពួកគេ ដណ្ដើមបានមេដាយ ៥គ្រឿង (មាស ៣ និងប្រាក់ ២) កាលពីចុងសប្ដាហ៍កន្លងទៅ។ សរុបមេដាយដែលក្រុមកីឡាហែលទឹកនគរបាលជាតិកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កីឡាប៉ូលិសពិភពលោក គឺមានចំនួន ១៥គ្រឿង (មាស ៦ ប្រាក់ ៦ និងសំរឹទ្ធ ៣) ក្នុងនោះ៖

១, កីឡាការិនី សុខ វល័ក្ខ ដណ្ដើមបានមេដាយមាស ៤ និងប្រាក់ ១គ្រឿង
២, កីឡាករ ហែម ប៉ុច ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣គ្រឿង
៣, កីឡាករ លឹម កែវឧត្តម ដណ្ដើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ ៣គ្រឿង។

ដោយឡែកក្រុមកីឡាការ៉ាតេ (ក្រសួងមហាផ្ទៃ) វិញ គឺដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២គ្រឿង ដោយកីឡាករ-កីឡាការិនី៖

១, កីឡាករ ឆេង ច័ន្ទដារ៉រតនៈ
•  មេដាយមាស ១ លើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសអាយុ ១៨ឡើង ទម្ងន់ក្រោម ៧០គីឡូក្រាម
•  មេដាយប្រាក់ ១ លើវិញ្ញាសាសម្ដែងឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង
•  មេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធក្រុមបុរសអាយុ ១៨ឆ្នាំឡើង

២, កីឡាការិនី ស៊ឹម ស្រីនីន
•  មេដាយមាស ១ លើវិញ្ញាសាសម្ដែងឯកត្តជននារីអាយុ ១៨ឆ្នាំឡើង
•  មេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធក្រុមនារីអាយុ ១៨ឆ្នាំឡើង

៣, កីឡាការិនី ផុន គិមស្រៀង
•  មេដាយប្រាក់ ១ លើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ទម្ងន់ក្រោម ៥៥គីឡូក្រាម
•  មេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធក្រុមនារីអាយុ ១៨ឆ្នាំឡើង។

៤, កីឡាករ តក់ ពិចិត្រ
•  មេដាយប្រាក់ ១ លើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង ទម្ងន់ក្រោម ៧៥គីឡូក្រាម
•  មេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។

៥, កីឡាករ កាក់ សីលាបញ្ញា
•  មេដាយមាស ១ លើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង ទម្ងន់ ៨៥គីឡាក្រាមឡើង
•  មេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។

សរុបលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ៣៦គ្រឿងហើយ ក្នុងនោះមានមេដាយមាស ១៥ ប្រាក់ ១៦ និងសំរឹទ្ធ ៥គ្រឿង។ ក្រៅពីកីឡាហែលទឹក និងការ៉ាតេ គឺមានកីឡាចំបាប់ ឈ្នះមេដាយមាស ៤ និងប្រាក់ ៤គ្រឿង។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយមាស ២ និងប្រាក់ ២គ្រឿង ជាពិសេស គឺក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាបាល់ទះក្នុងសាលបុរស ក្រោយយកឈ្នះគូប្រជែង ៨ប្រកួតជាប់ៗគ្នា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕