(អូស្ត្រាលី)៖ ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោកផ្នែកស្ត្រី Women’s World Cup 2023 ដែលធ្វើឡើងដោយសហម្ចាស់ផ្ទះរវាងអូស្ត្រាលី និងណូវែលហ្សេឡង់ នៅពេលនេះរកបាន ១០ក្រុមឡើងដែលបានសិទ្ធផ្លូវការឈានទៅកាន់វគ្គ ១៦ក្រុមបន្តទៀត ខណៈកំពុងរង់ចាំ ៦ក្រុមទៀត។

៦ក្រុមដែលនៅសល់រួមមានក្រុមស្ថិតក្នុងពូល F, G, H ដែលក្រុមនៃពូល F មានក្រុមស្ត្រីបារាំង និងហ្សាម៉ាអ៊ីក (Jamaica) រកបាន ៤ពិន្ទុស្មើគ្នា ជាមួយក្រុមស្ត្រីប្រេស៊ីល រកបាន ៣ពិន្ទុ កំពុងប្រជែងពិន្ទុគ្នា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតរួមមក។

សម្រាប់ពូល G វិញ មានក្រុមស្ត្រីស៊ុយអែត មានសិទ្ធឈានទៅវគ្គបន្តរួមហើយ តែនៅប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដែលរកបាន ៦ពិន្ទុក្នុងដៃ ហើយក្រុមអ៊ីតាលី កំពុងមាន ៣ពិន្ទុ ជាមួយក្រុមអាហ្សង់ទីន និងអាហ្ស៊ិកខាងត្បូង កំពុងបាន ១ពិន្ទុស្មើគ្នា ពីការឆ្លងកាត់ ២ប្រកួត ស្ថិតក្នុងការប្រជែង ១ប្រកួតចុងក្រោយយ៉ាងស្វិតស្វាញដែលត្រូវការឈ្នះដូចគ្នានៃឱកាលឡើងវគ្គបន្តនោះ។

ងាកទៅចាប់អារម្មណ៍ពូល H វិញ ក្រុមស្ត្រី Colombia រកបាន ៦ពិន្ទុក៏មានសិទ្ធឡើងវគ្គបន្តរួមហើយដែរ តែជាការប្រជែងគ្នារវាងក្រុស្ត្រីអាល្លឺម៉ង់ និងស្ត្រីម៉ារ៉ុក ដែលពួកគេកំពុងមាន ៣ពិន្ទុស្មើគ្នា តែក្រុមស្ត្រីម៉ារ៉ុក ត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមកំពូលតារាង ខណៈក្រុមអាល្លឺម៉ង់ ប៉ះក្រុមស្ត្រីកូរ៉េខាងត្បូង ដែលអស់ឱកាលទៅហើយនោះ នៃប្រកួតចុងក្រោយសម្រាប់ពូលនេះ។

បញ្ជាក់ផងថា សម្រាប់ ១ប្រកួតចុងក្រោយកាច់សេចក្តីរក ៦ក្រុមឡើងបង្គ្រប់វគ្គ ១៦ក្រុមនឹងធ្វើឡើងនៅថ្ងៃទី០២-០៣ ខែសីហានេះ ខណៈ ១០ក្រុមដែលរង់ចាំនោះមានម្ចាស់ផ្ទះអូស្រ្តាលី, ស្វីស, អេស្ប៉ាញ, ហូឡង់, ជប៉ុន, ន័រវេល, សហរដ្ឋអាមេរិក, ដាណឺម៉ាក, អង់គ្លេស និងស្ត្រីនីហ្សេរីយ៉ា៕