(អារ៉ាប៊ីសាអូឌីត)៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool កីឡាករ Sadio Mane បានសម្រេចជាផ្លូវការក្នុងចាកចេញពីក្លិប Bayern Munich ទៅចូលរួមជាមួយក្លិប Al-Nassr ដែលកំពុងមានកីឡាករ Cristiano Ronaldo នៅទីនោះ។ នេះបើតាមប្រភពពីក្លិបបានបង្ហាញនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ប្រភពរបាយការណ៍ពី DailyMail បានឲ្យដឹងថា ការផ្ទេរនេះមានតម្លៃ ៣៤លានផោន រវាងក្លិប Bayern Munich ដ្បិតក្លិបជើងឯកអាល្លឺម៉ង់ បានចំណាយ ៣៥លានផោនផ្ទេររូបគេពីក្លិប Liverpool។

Mane ត្រូវបានក្លិបផ្តល់ការទុកចិត្តពាក់អាវលេខ១០ ប្រចាំក្រុម ក្នុងនាមជាកីឡាករអន្តរជាតិសេណេហ្គាល់ បានសម្រេចចុះកិច្ចសន្យាលេងជាមួយ Al-Nassr រហូតដល់ឆ្នាំ២០២៧ ជាការចុះហត្ថលេខាធ្វើឡើងជាមួយលោក Ahmed Alghamdi ដែលជានាយកប្រតិបត្តិក្លិបស្ថិតក្នុងលីគ Saudi Pro League។

រំលឹកផងថា Mane ជាខ្សែប្រយុទ្ធម្នាក់ដែលបានចាកចេញពី Liverpool កាលឆ្នាំ២០២២ ទៅចូលរួមលេងជាមួយក្លិបអាល្លឺម៉ង់ Bayern Munich បានចំនួន ៣៨ប្រកួតរកបាន ១២គ្រាប់ស្ថិតក្នុងរដូវកាលដ៏ក្រៀមក្រំមួយរបស់រូបគេ ដ្បិតមានការប៉ះទង្គិចជាមួយមិត្តរួមក្រុម Leroy Sane ផងដែរ នាមជាកីឡាករដែលដំបូងឡើយមានការចាប់អារម្មណ៍ខ្លាំង។

មុនការទៅលេងនៅ Al-Nassr កីឡាករ Mane បានសម្រេចភាពជោគជ័យការលេងនៅតំបន់អឺរ៉ុប ដោយបានឈ្នះពានលីគអង់គ្លេស Premier League, UEFA Champions League, FIFA Club World Cup និង UEFA Super Cup ជាមួយក្លិបហង្សក្រហម Liverpool ជាមួយការទៅដល់អាល្លឺម៉ង់បានឈ្នះពាន Bundesliga ជាមួយ Bayern Munich ៕