(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដែលឈានមុខមួយក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ បានពង្រីកនូវបណ្តាញសាខារបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាខណ្ឌពោធិ៍សែនជ័យ ដែលជាសាខាទី៦៩ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ សាខាថ្មីនេះមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៉ី នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃធនាគារ កាណាឌីយ៉ា សាខា ខណ្ឌពោធិ៍សែនជ័យ នេះ គឺស្របជាមួយនឹងយុទ្ធសាស្ត្ររបស់ធនាគារ ដើម្បីនាំយកមកនូវផលិតផល សេវាកម្ម និងដំណោះស្រាយឌីជីថលហិរញ្ញវត្ថុដ៏ល្អប្រសើរ តាមរយៈការពង្រីកនូវវត្តមានរបស់ខ្លួនទូទាំងប្រទេស។ ខណ្ឌពោធិ៍សែនជ័យ គឺជាទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពអាជីវកម្ម និងពាណិជ្ជកម្ម ហើយសាខាថ្មីរបស់ធនាគារ កាណាឌីយ៉ា បានផ្តល់នូវសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មគ្រប់តម្រូវការរបស់អតិថិជននៅជុំវិញតំបន់នេះ។ សាខា ខណ្ឌពោធិ៍សែនជ័យ នេះគឺជាសាខាទី៥ហើយដែលធនាគារ កាណាឌីយ៉ា បានសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២៣ ដោយសាខាមុនៗរួមមានសាខាអាយ អេហ្វ អិល (IFL) សាខាស្ទឹងមានជ័យ សាខាចេនឡា និងសាខាធនាគារឆ្លាតវៃនៅទីស្នាក់ការកណ្តាល។

ធនាគារ កាណាឌីយ៉ា សាខា ខណ្ឌពោធិ៍សែនជ័យ ផ្តល់នូវគ្រប់ផលិតផល និងសេវាកម្មធនាគារ ព្រមទាំងមានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ក៏ដូចជាម៉ាស៉ីនឌីជីថលហិរញ្ញវត្ថុប្រកបដោយបច្ចេកវិទ្យាចុងក្រោយផងដែរ។ សាខា ខណ្ឌពោធិ៍សែនជ័យ បើកបម្រើសេវាកម្មសម្រាប់គ្រប់អតិថិជន ដូចជារូបវន្តបុគ្គល ឬសហគ្រិនដែលជាជនជាតិខ្មែរ ឬបរទេស ក៏ដូចជាទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជារយៈពេលខ្លីក្តី។ កាន់តែពិសេសនោះ គឺធនាគារ កាណាឌីយ៉ា សាខា ខណ្ឌពោធិ៍សែនជ័យ មានបុគ្គលិកដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងអាចប្រើប្រាស់ពហុភាសា ដើម្បីទំនាក់ទំនងដល់អតិថិជនបរទេស ដូចជាជនជាតិចិន ជប៉ុន កូរ៉េ ក៏ដូចជាជនជាតិផ្សេងៗទៀតផងដែរ។

បន្ថែមពីលើនេះ សាខា ខណ្ឌពោធិ៍សែនជ័យ បានបំពាក់នូវម៉ាស៉ីនឌីជីថលស្វ័យសេវាធនាគារ ដោយអតិថិជនអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមតម្រូវការហិរញ្ញវត្ថុរបស់ខ្លួន។ ម៉ាស៉ីនឌីជីថលស្វ័យសេវាធនាគារដូចជា ម៉ាស៉ីនដកប្រាក់ ATM ម៉ាស៉ីនដាក់ប្រាក់ និងដកប្រាក់(CRM) និងម៉ាស៉ីនបោះពុម្ភកាត (SEM) ដែលលោកអ្នកអាចធ្វើការទទួលកាតពីធនាគារ កាណាឌីយ៉ា ដោយខ្លួនឯង ងាយស្រួល និងក្នុងរយៈពេលខ្លី ដែលម៉ាស៉ីនខាងលើអាចប្រើប្រាស់បានដោយអតិថិជន ២៤/៧ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដែលឡែកសម្រាប់ម៉ាស៉ីនបើកគណនី (VTM) សម្រាប់បង្កើតគណនីដោយខ្លួនឯង អាចប្រើប្រាស់បានក្នុងម៉ោងប្រតិបត្តិការរបស់សាខា។

ក្នុងនោះដែរ អតិថិជនក៏អាចធ្វើការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការរបស់ខ្លួនគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈកម្មវិធី Canadia Bank App ផងដែរ។ ធនាគារ កាណាឌីយ៉ា សាខា ខណ្ឌពោធិ៍សែនជ័យ បើកបម្រើសេវាកម្មសម្រាប់អតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀល ដោយម៉ោងប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង ១១៖៣០នាទីព្រឹក។

លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខា ខណ្ឌពោធិ៍សែនជ័យ។ ក្នុងការថ្លែងសន្ទរកថាបើកកម្មវិធី លោកស្រីបានលើកឡើងអំពីសារៈសំខាន់នៃអតិថិជនរបស់ធនាគារ កាណាឌីយ៉ា ដែលហេតុផលដ៏សំខាន់ក្នុងការពង្រីកបណ្តាញសាខា និងបន្តនវានុវត្តនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ។

លោកស្រីមានប្រសាសន៍ថា «យើងខ្ញុំមានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាទី៦៩ របស់ធនាគារ កាណាឌីយ៉ា ដើម្បីបន្តផ្តល់នូវសេវាកម្មធនាគារ និងបទពិសោធន៍ថ្មីៗជូនអតិថិជនរបស់យើង។ ធនាគារ កាណាឌីយ៉ា មានវត្តមានក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជាង៣២ឆ្នាំ ហើយធនាគារបានបន្តបង្ហាញនូវភាពរីកចម្រើន អត់ធន់ និងស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសមិទ្ធិផលទាំងនេះគឺទទួលបានឡើងបានដោយសារតែមានការទុកចិត្ត និងគាំទ្រពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ យើងខ្ញុំនឹងនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការនាំជូនមកនូវបទពិសោធន៍អតិថិជនកាន់តែប្រសើរជាងមុន ជាមួយនឹងផលិតផល សេវាកម្មហិរញ្ញវត្ថុ និងដំណោះស្រាយឌីជីថល ដើម្បីឱ្យធនាគារ កាណាឌីយ៉ា បន្តក្លាយជាដៃគូហិរញ្ញជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា»

លោកស្រីបានបន្ថែមថា «នាងខ្ញុំសូមថ្លែងអំណរគុណទៅកាន់ អតិថិជន ដៃគូពាណិជ្ជកម្ម និងនិយតករ ដែលតែងតែបន្តនូវការគាំទ្រ និងផ្តល់ជំនឿទុកចិត្តមកដល់ធនាគារ កាណាឌីយ៉ា ហើយនាងខ្ញុំសូមលើកទឹកចិត្តឱ្យលោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញទទួលបានបទពិសោធន៍ថ្មីជាមួយនឹងសាខា ខណ្ឌពោធិ៍សែនជ័យនេះ ក៏ដូចដើម្បីទទួលបាននូវការស្វាគមន៍ពីបុគ្គលិកប្រកបដោយដ៏ជំនាញច្បាស់លាស់ក្នុងការណែនាំអតិថិជនឱ្យទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការរបស់លោកអ្នក»

សូមជម្រាបថា ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា «Dream Company To Work For» ពី World HRD Congress ក៏ដូចជាពានរង្វាន់ «Best Managed Bank» ពី The Asian Banker ព្រមទាំងពានរង្វាន់ «Best Domestic Bank» និង «Best SME Bank» ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ «Best Domestic Bank» ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន «Best SME Bank» ពីស្ថាប័ន Digital Banker និងពាន «Best Retail Bank» ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៩ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៉ីន ATM, CRM, VTM, SEM និងម៉ាស៉ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh ៕