(បរទេស)៖ ទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ នៅតែគ្រងដំណែងជាទីផ្សារដ៏កំពូលក្នុងការដាក់លក់ស្មាតហ្វូនជាមួយនឹងអត្រានាំចេញធ្លាក់ចុះតិចតួចប៉ុណ្ណោះបើធៀបទៅនឹងការប៉ាន់ស្មានរបស់អ្នកវិភាគ។ ពោលគឺ ការនាំចេញស្មាតហ្វូនសរុបធ្លាក់ចុះខ្ទង់ ៣ភាគរយ ខណៈចំនួននាំចេញស្មាតហ្វូនសេរ៊ីទំនើបកើនឡើងខ្ពស់រហូតដល់ ១១២ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍វិភាគទីផ្សារស្មាតហ្វូនពីក្រុមហ៊ុន Counterpoint បានឱ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំនេះក្រុមហ៊ុន Samsung បានដាក់លក់ស្មាតហ្វូនច្រើនជាងគេនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងចំណែកទីផ្សារកើនឡើងខ្ទង់ ១៨ភាគរយ។ ដោយក្នុងនោះទីផ្សារស្មាតកម្រិតកណ្តាល ឬ Premium Smartphone របស់ Samsung បានឈរនៅកំពូកតារាងនិងបានវ៉ាដាច់ Apple ជាមួយនឹងការផ្តល់ជូននូវម៉ូដែលស្មាតហ្វូនអេក្រង់បត់ត្រកូល Galaxy Z Fold / Flip រួមជាមួយនឹងម៉ូដែល Galaxy S22 និង S21 FE។

ចំណែកឯស្មាតហ្វូនកម្រិតខ្ពស់ ឬ Ultra-Premium ឃើញថា Apple នៅតែជាក្រុមហ៊ុននាំមុខគេជាមួយនឹងចំណែក ៥៩ភាគរយ និងឈរនៅលេខរៀងកំពូលជាមួយការនាំចេញស្មាតហ្វូនស៊េរីទំនើបដែលមានតម្លៃថ្លៃ។ ដោយឡែកក្រុមហ៊ុន Vivo ឈរនៅចំណាត់ថ្នាក់ទី ៣ជាមួយចំណែកទីផ្សារ ១៧ភាគរយ ខណៈ Xiaomi, Realme និង Oppo ឈរនៅចំណាត់ថ្នាក់រៀងគ្នាជាមួយចំណែកទីផ្សារ ១៥ភាគរយ ១២ ភាគេយ និងចុងក្រោយ ១១ភាគរយ។

គួរជម្រាបដែរថា ប្រទេសឥណ្ឌាឥឡូវនេះបានក្លាយជាទីផ្សារស្មាតហ្វូនមួយក្នុងចំណោមទីផ្សារកំពូលទាំងប្រាំរបស់ Apple បន្ទាប់ពីការលក់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវល្អ ហើយលើសពីក៏ កំពុងវិវត្តន៍ខ្លួនទៅរកទីផ្សារស្មាតហ្វូនស៊េរីខ្ពស់ស្របតាមអ្នកវិភាគផងដែរក្រោយទទួលបានរបាយការណ៍ចេញផ្សាយចុងក្រោយនេះ៕