(កូរ៉េ)៖ តារាចម្រៀងប្រុស Jungkook សមាជិកក្នុងក្រុមចម្រៀង BTS គ្រោងនឹងចេញអាល់ប៊ុមតូចនៅខែវិច្ឆិកាខាងមុខ ស្របពេលសមាជិកក្រុមកំពុងបំពេញកាតព្វកិច្ចយោធា។ សមាជិកក្រុម BTS រូបនេះ បានចេញបទចម្រៀងទោលដំបូងរបស់លោក គឺ Seven ជាមួយតារាចម្រៀងរ៉េបជនជាតិអាមេរិក Latto នាពេលកន្លងទៅ ហើយពេលនេះក៏ស្រាប់តែមានគម្រោង បញ្ចេញអាល់ប៊ុមខ្នាតតូចបន្ថែមទៀត ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

និយាយនៅក្នុងកម្មវិធី Talk Show មួយនាពេលថ្មីៗនេះ លោក Jungkook បានបង្ហើបថា «ខ្ញុំមានចម្រៀងបន្ថែមទៀត ហើយខ្ញុំនឹងបញ្ចេញអាល់ប៊ុមខ្នាតតូច នៅអំឡុងខែវិច្ឆិកាខាងមុខនេះ»។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Jungkook បានសារភាពថា មហិច្ឆតាតន្ត្រីរបស់លោក គឺចង់ឲ្យមានការកោតសរសើរ និងកាន់តែប្រសើរឡើង ចំពោះស្នាដៃចម្រៀងរបស់ខ្លួន។

គួរជម្រាបថា សមាជិកក្នុងក្រុម BTS បានចេញចម្រៀងរៀងៗខ្លួន ទៅតាមកាលវិភាគដែលបានគ្រោងទុក ដោយមិនមានសកម្មភាពជាក្រុមតទៅទៀតឡើយ ត្បិតបច្ចុប្បន្ននេះ សមាជិកមួយចំនួនកំពុងតែបំពេញកាតព្វកិច្ចយោធា។ ក្រុមនេះ នឹងវិលមកធ្វើការងារជាមួយគ្នាវិញ នៅពេលដែលសមាជិកម្នាក់ៗ បានបំពេញភារកិច្ចរបស់ខ្លួនរួចរាល់៕