(អាមេរិក)៖ តារាសម្តែងអាមេរិក Angus Cloud ដែលមានទស្សនិកជនស្គាល់ច្រើន តាមរយៈការដើរតួសម្តែងក្នុងរឿង «Euphoria» ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងវ័យ២៥ឆ្នាំ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស្លាប់របស់ឪពុករបស់លោក។ ក្រុមគ្រួសារតារារូបនេះ បានបញ្ជាក់ថា ការស្លាប់របស់លោកទំនងជាដោយសារបញ្ហាផ្លូវចិត្ត ព្រោះតែការស្លាប់របស់ឪពុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

គ្មានមូលហេតុជាក់លាក់នៃការស្លាប់ត្រូវបានរាយការណ៍ទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបាននិយាយថា តារារូបនេះមានបញ្ហាសុខភាពផ្លូវចិត្ត ដែលប៉ះពាល់យ៉ាងខ្លាំង ដោយសារការស្លាប់របស់ឪពុកលោកនាពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «Angus ក៏បានបើកចំហអំពីការប្រយុទ្ធរបស់លោក ជាមួយនឹងសុខភាពផ្លូវចិត្ត ហើយយើងសង្ឃឹមថាការស្លាប់របស់លោក អាចជាការរំឭកដល់អ្នកដទៃថា ពួកគេមិននៅម្នាក់ឯងទេ ហើយមិនគួរប្រយុទ្ធនឹងរឿងនេះ ដោយខ្លួនឯងដោយស្ងៀមស្ងាត់ឡើយ»។

គួរជម្រាបថា Cloud មានក្រេឌីតសម្ដែងចំនួនប្រាំរឿងផ្សេងទៀត យោងតាម IMDB.com ប៉ុន្តែតួនាទីរបស់លោកក្នុងខ្សែភាពយន្ត ដែលធ្វើឲ្យមានគេស្គាល់ច្រើន គឺក្នុងឆ្នាំ២០១៩ តាមរយៈរឿង «Euphoria» ដែលរឿងនេះ បានពណ៌នាពីក្រុមសិស្សវិទ្យាល័យកាលីហ្វ័រញ៉ា ដែលទាក់ទងនឹងការរួមភេទ គ្រឿងញៀន និងអំពើហិង្សា៕