(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា (International Life Insurer of the Year – Cambodia) សម្រាប់ឆ្នាំ២០២៣ ពីកម្មវិធីដ៏ល្បីឈ្មោះមួយគឺ Insurance Asia Awards 2023 ដែលបានប្រព្រឹត្តិទៅក្នុងប្រទេសសិង្ហបុរី។

Insurance Asia Awards​ គឺជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពមួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលប្រមូលផ្តុំក្រុមហ៊ុនធានារ៉ាប់រងធំៗនៅក្នុងតំបន់អាស៊ី ហើយកម្មវិធីនេះទទួលស្គាល់ទៅលើផលិតផលធានារ៉ាប់រង និងសេវាកម្មល្អបំផុតប្រចាំឆ្នាំ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់អតិថិជន។​

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា យើងមិនអាចឈ្នះពានរង្វាន់អន្តរជាតិនេះបានទេ ប្រសិនបើមិនមានការជឿជាក់ និងទំនុកចិត្តយ៉ាងច្រើនពីសំណាក់អតិថិជនមកលើក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលភាពរីកចម្រើនដ៏ខ្លាំងក្លា ​​និងការប្តេជ្ញាចិត្តរបស់យើងចំពោះការប្រកាន់ខ្ជាប់ទស្សនៈវិស័យ «អតិថិជនជាចម្បង» ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងជាលក្ខណៈអន្តរជាតិ។ យើងប្តេជ្ញាចិត្ដក្នុងការបន្ដជួយបង្កើនគុណភាពជីវិតរបស់អតិថិជន តាមរយៈការផ្តល់ផលិតផល និងសេវាកម្មពាក់ព័ន្ធនានាប្រកបដោយភាពច្នៃប្រឌិត និងកាន់តែទូលំទូលាយ ដោយបន្ដកសាងលើកេរិ៍្តដំណែលដ៏យូរអង្វែង និងមោទកភាពរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានប្រតិបត្តិការជាង១២០ ឆ្នាំមកហើយ។

លោក ម៉ា គីន យ៉ុង នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងបានតំណាងឱ្យក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ទៅចូលរួមកម្មវិធីទទួលពានរង្វាន់នេះដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី បានបន្ថែមទៀតថា យើងសូមចែករំលែកពានរង្វាន់មួយនេះ​ ជូនទៅដល់ក្រុមការងារទាំងអស់របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា សម្រាប់​ការខិតខំប្រឹងប្រែងរបស់ពួកគាត់ទាំងអស់គ្នាដើម្បីសម្រេចឱ្យបាននូវឧត្តមភាព ភាពច្នៃប្រឌិត និងការប្រកាន់ភ្ជាប់អតិថិជនជាចំបង។ យើងមានទំនុកចិត្តពេញលេញថាឆន្ទៈក្នុងការចង់សម្រេចបានលទ្ធផល និងភាពប៉ិនប្រសប់របស់ក្រុមការងារក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងបន្ដជួយជម្រុញគោលដៅរបស់យើងឱ្យក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ អ្នកឯកទេសផែនការហិរញ្ញវត្ថុ ដៃគូអាជីវកម្ម បុគ្គលិក និងអតិថិជនទាំងអស់​ គឺជាអាទិភាព​ទី១របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា។​

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាហ្វ៍ កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ឬ DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនអស់រយៈពេលជាង ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានការវាយតម្លៃ A+ ដោយ S&P និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអ៊ិ​ច​ឆេង (Tokyo Stock Exchange) ។​

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈវិស័យ «អតិថិជនជាចម្បង» ។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។  ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦១ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៩ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣)៕