(បរទេស)៖ ផលិតកម្ម Warner Bros ដែលជាអ្នកផលិតរឿង «Barbie» បានបង្ហាញថា គ្មានសញ្ញាណាមួយដែលបញ្ជាក់ថា ភាពយន្តរបស់ខ្លួនត្រូវធ្លាក់ចុះឡើយ បើទោះបីជាឈានដល់ការចាក់បញ្ចាំង សប្តាហ៍ទី២ហើយក្តី។ អ្វីដែលពិសេស គឺត្រូវបានរាយការណ៍បន្ថែមថា នៅបន្តកើបប្រាក់ចំណូលបានខ្ទង់៩៣លានដុល្លារបន្ថែមទៀត ពីការលក់សំបុត្រពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

រឿង «Barbie» របស់អ្នកដឹកនាំរឿង Greta Gerwig ដែលជាភាពយន្តលេខ១ ប្រចាំឆ្នាំ និងជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅចុងសប្តាហ៍ ដែលជាស្នាដៃដឹកនាំដោយអ្នកនិពន្ធជាស្ត្រី ហើយរកបានជាង៣៥១លានដុល្លារ នៅសហរដ្ឋអាមេរិក និងកាណាដា ចាប់តាំងពីការសម្ពោធនៅថ្ងៃទី២១ ខែកក្កដាកន្លងទៅ។ បើតាម Comscore បានរាយការណ៍ថា រឿងនេះរកចំណូលបាន ៧៧៥លានដុល្លារ នៅទូទាំងពិភពលោក។

គួរជម្រាបថា ខ្សែភាពយន្ត «Barbie» ដែលសម្តែងដោយ Margot Robbie (ម៉ាហ្កត រ៉ប់ប៊ី) និង Ryan Gosling (រ៉ាយអិន ហ្កូស្លីង) ជាតួតុក្កតា Barbie (បាប៊ី) និង Ken (ខេន)។ តាមរយៈការទទួលបានចំណូលច្រើន លើសការរំពឹងទុកបែបនេះ បានធ្វើឲ្យ «Barbie» អាចកាន់កាប់កំណត់ត្រាជាច្រើនដូចជា ក្លាយជាភាពយន្តដឹកនាំដោយអ្នកដឹកនាំជាស្រ្តី ដែលអាចរកចំណូលបានច្រើនបំផុត៕