(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការជំរុញ និងលើកទឹកចិត្តឲ្យគ្រូបង្វឹក តាមបណ្ដាសមមាគ/ក្លិបទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយ ឬបើកវគ្គបង្រៀន ដើម្បីអប់រំយុវជនឱ្យយល់ច្បាស់អំពីបច្ចេកទេសលេងបាល់ទះ ចៀសវាងទម្លាប់លេងបាល់ជាប់ដូចបច្ចុប្បន្ន ។

ការគូសបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត (គ ឬ C) ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដានេះ បន្ទាប់ពីដំណើរការសិក្សា ទាំងទ្រឹស្ដី បច្ចេកទេស និងការអនុវត្ត រយៈពេល ៦ថ្ងៃកន្លងទៅ ដែលរៀបចំធ្វើនៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសជនជាតិគុយបា ។

លោកថា វគ្គនេះ ពិតជាមានសារៈសំខាន់ ពិសេសសិក្ខាកាមចូលរួម នឹងក្លាយជាធនធានមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជា ទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ ។ ដូច្នេះលោកបានធ្វើការផ្ដាំផ្ញើមួយចំនួន ទោះបីវគ្គបានបញ្ចប់ក្ដី តែសិក្ខាកាមទាំងអស់ ត្រូវខិតខំស្រាវជ្រាវបន្ដ រក្សាទំនាក់ទំនង និងអនុវត្តឲ្យបាននូវការផ្លាស់ប្ដូរកីឡាករតាមផ្លូវច្បាប់ត្រឹមត្រូវ ។

ជាមួយគ្នានោះ លោកលើកទឹកចិត្តឲ្យគ្រូបង្វឹក តាមបណ្ដាសមាគម/ក្លិបទាំង ២៥រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយបន្ដ និងបើកវគ្គបង្រៀនដល់យុវជន ដើម្បីឲ្យពួកគេយល់ច្បាស់ អំពីការលេងបាល់ទះប្រកបដោយបច្ចេកទេសត្រឹមត្រូវ ។ ការធ្វើបែបនេះ មិនត្រឹមតែអាចកែទម្លាប់លេងបាល់ជាប់ ឬមិនស្របតាមស្ដង់ដារនោះ ថែមទាំងអាចជួយឱ្យក្លិបជ្រើសរើសបានធនធានបន្ដវេនប្រកបដោយសក្ដានុពលទៀតផង ។

លោក អាំង សិរិពិសិដ្ឋ បន្ដថា «ខ្ញុំសំណូមពរឲ្យសិក្ខាកាមជួយផ្សព្វផ្សាយបន្ដ ឬបើកវគ្គបង្រៀនឲ្យយុវជនតាមបណ្ដាខេត្តចូលរៀននៅតាមក្លិបរបស់យើង ។ យើងនាំគ្នាកែទាំងអស់គ្នា ហើយយើងក៏បានធនធានកីឡាករពីក្មេងទៅដែរ ។ ថ្ងៃណាមួយ ពេលសហព័ន្ធបាល់ទះ រៀបចំពានយុវជន យើងមានយុវជនក្នុងដៃស្រាប់ ហើយបើមានពានយុវជន គ្មានក្លិបណាខ្លាំងជាងក្លិបណាទេ ព្រោះការបណ្ដុះបណ្ដាលចាប់ផ្ដើមដំណាលគ្នា»

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទះកម្រិត C ខាងលើ គឺមានសិក្ខាកាមចូលរួម ៤៦នាក់ មកពី ២២រាជធានី-ខេត្ត ។ ជាលទ្ធផល នៃការសិក្សារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែកក្កដានេះ គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ២៣នាក់ ស្មើនឹង ៥០%, និទ្ទេសល្អបង្គួរ ២១នាក់ ស្មើនឹង ៤៥% និងនិទ្ទេសមធ្យម ២នាក់ ស្មើនឹង ៥%៕