(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាកម្មថ្មីបំផុតរបស់ខ្លួនគឺ «ស្ថាបនាទូទាត់» ដើម្បីជួយគ្រាំទ្រគ្រប់អាជីវកម្ម និងពាណិជ្ជករទាំងអស់ក្នុងការទទួលយកការទូទាត់ដោយគ្មានសាច់ប្រាក់តាមរយៈការប្រើប្រាស់ទូរសព្ទស្មាតហ្វូន។

ស្ថាបនា ទូទាត់ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីផ្តល់ដំណោះស្រាយទទួលយកការទូទាត់ដ៏ល្អសម្រាប់អាជីវកម្ម និងពាណិជ្ជករ ដើម្បីគ្រប់គ្រងការទូទាត់បានភ្លាមៗបែបឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងរហ័ស ជាពិសេសអាចធ្វើការទូទាត់តាមរយៈវិធីសាស្រ្តផ្សេងៗជាច្រើនដូចជា៖ KHQR, Mastercard, Visa, WeChat, Alipay និង Sathapana Rewards។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា ស្ថាបនា ទូទាត់ គឺជាសេវាកម្មថ្មីស្រឡាងមួយដែលផ្តល់នូវការផ្លាស់ប្តូរដំណោះស្រាយទូទាត់បែបឌីជីថលឱ្យកាន់តែទំនើប និងងាយស្រួលជាងមុន។ យើងពិតជាមានសេចក្តីរំភើបរីករាយក្នុងការដាក់ចេញនូវដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិតនេះ ដែលសម្រួលដល់ដំណើរការក្នុងការទទួលយកការទូទាត់សម្រាប់អាជីវកម្មគ្រប់ប្រភេទ/ទំហំ ជាពិសេសស័ក្តិសមសម្រាប់ដៃគូពាណិជ្ជករយើង។ បន្ថែមពីលើនេះម្ចាស់អាជីវកម្មគ្រប់ធុន និងអាជីវកម្មដែលទើបតែចាប់ផ្តើមលែងមានការព្រួយបារម្ភចំពោះការចំណាយលើប្រព័ន្ធថ្លៃៗ ឬរៀបចំតម្លើងទៅតាមទីតាំងជាក់ស្តែងទៀតហើយ។

តាមរយៈការប្រើប្រាស់ ស្ថាបនាទូទាត់ មិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ តែសេវាកម្មមួយនេះផ្តល់ប្រតិបត្តិការរហ័ស សុវត្ថិភាព និងចំណាយទាបដែលអាចជួយដល់ការពង្រីកអាជីវកម្មរបស់ពួកគេបាន។ ជាមួយស្ថាបនា ទូទាត់ យើងជឿជាក់ថានេះគឺជាឱកាសមួយដ៏ល្អដែលអនុញ្ញាតឱ្យយើងពង្រីកការគាំទ្រ និងជួយដល់ដៃគូពាណិជ្ជករជាពិសេសវិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែទូលំទូលាយ។

លោកបានបន្ថែមទៀតថា នៅធនាគារ ស្ថាបនា យើងផ្តោតសំខាន់ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន និងប្រជាជនកម្ពុជាជាមួយនឹងប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ខណៈពេលដែលផលិតផល និងសេវាកម្មធនាគា យើងនឹងបន្តគាំទ្រដល់ពាណិជ្ជករ ដើម្បីជំរុញដល់ការពង្រីកអាជីវកម្ម និងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា ថ្ងៃនេះយើងពិតជាមានសេចក្តីរំភើបរីករាយក្នុងការដាក់ឱ្យបើកដំណើរការ ស្ថាបនាទូទាត់ ជាផ្លូវការ។ គោលដៅចម្បងរបស់ស្ថាបនាទូទាត់ គឺការជម្រុញឱ្យមានការប្រើប្រាស់ KHQR ដែលពង្រឹងវិធានការសន្តិសុខ និងកាត់បន្ថយករណីក្លែងបន្លំ។ ជាមួយគ្នានេះផងដែរ ស្ថាបនា ទូទាត់ អាចជួយដល់ការពង្រីកអាជីវកម្ម ជាពិសេសទទួលបានការទូទាត់ដោយសុវត្ថិភាពដោយមិនចាំបាច់ព្រួយបារម្ភអំពីថ្លៃសេវាប្រើប្រាស់ កម្រៃសេវាប្រតិបត្តិការ និងថ្លៃជួលឧបករណ៍។

លោកបានបន្ថែមទៀតថា បន្ថែមពីលើនេះ ស្ថាបនា ទូទាត់ក៏បានដាក់បញ្ចូលប្រព័ន្ធ និងមុខងារថ្មីមួយទៀត Tap on Phone សហការជាមួយ Mastercard ដែលអនុញ្ញាតឱ្យយើងផ្តល់ជម្រើសជាច្រើនជូនពាណិជ្ជករ និង MSMEs នូវបទពិសោធន៍ទូទាត់សម្បូរបែប រហ័ស ភាពងាយស្រួល និងសុវត្ថិភាព។

លោកស្រី Winnie Wong នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា ឌីជីថលភាវូបនីយកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងការទទួលយកដំណោះស្រាយការទូទាត់តាមបែបឌីជីថលមិនត្រឹមតែផ្តល់នូវការប្រកួតប្រជែកប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការផ្លាស់ប្តូរទៅជាឌីជីថលនៅក្នុងប្រទេស។

ការធានាបានថាមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមអាចទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យពួកគេអាចឆ្ពោះទៅរកការវិវឌ្ឍនៃឌីជីថល ដែលជាការយកយកចិត្តទុកដាក់ និងជាកត្តាដ៏សំខាន់សម្រាប់ម៉ាស្ទ័រកាត និងធនាគារ ស្ថាបនា។ ការណែនាំបច្ចេកវិទ្យា Tap on Phone តាមរយៈស្ថាបនា ទូទាត់ យើងជឿជាក់ថា នឹងជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមចំនួន ២០០.០០០ កន្លែងដែលជាដៃគូ និងអតិថិជនរបស់ធនាគារ ស្ថាបនា និងឆ្លើយតបទៅតាមតម្រូវការអតិថិជន និងផ្តល់នូវជម្រើសទូទាត់ជាច្រើនប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។

លោកស្រីបានមានប្រសាសន៍ទៀតថា បច្ចេកវិទ្យា Tap on Phone នឹងផ្តល់នូវសេវាទទួលការទូទាត់ដោយមិនប្រើសាច់ប្រាក់ឱ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយសម្រាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយពួកគេឱ្យទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសេដ្ឋកិច្ចឌីជីថល ហើយក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសាកលរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការនាំមនុស្សសរុបចំនួន ១ ពាន់លាននាក់ និងអាជីវកម្មខ្នាតមីក្រូ និងតូចចំនួន ៥០ លានកន្លែង និងក្រុមហ៊ុន ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថលឱ្យបាននៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។

លក្ខណៈពិសេសនៃស្ថាបនា ទូទាត់មានដូចជា៖ គ្រប់គ្រងហាងជាច្រើនដោយងាយស្រួល ៖ គ្រប់គ្រងដំណើរការលក់អាជីវកម្មច្រើនសាខារបស់អ្នកដោយចាត់ចែងអ្នកគិតលុយនៅហាងផ្សេងគ្នា នៅក្នុងកម្មវិធីតែមួយបានគ្រប់ពេលវេលា។ ពិនិត្យប្រតិបត្តិការភ្លាមៗ៖  តាមដានប្រតិបត្តិការទូទាត់ភ្លាមៗ។ សារជូនដំណឹងអំពីការទូទាត់ភ្លាមៗ៖ ទទួលបានសារជូនដំណឹងពីការទូទាត់ភ្លាមៗតាមកម្មវិធីស្ថាបនា ទូទាត់។ ទទួលយកការទូទាត់តាមកូដ៖ មុខងារនេះត្រូវបានបង្កើតឡើងដើម្បីទទួលយកការទូទាត់ដោយសុវត្ថិភាពពីកម្មវិធីធនាគារណាមួយដែលមាន KHQR និងWeChat។ សម្រាប់ Alipay និងUPI នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ទទួលយកការទូទាត់តាមប័ណ្ណ៖ អនុញ្ញាតឱ្យអាជីវករទទួលការទូទាត់តាមបច្ចេកវិទ្យា contactless ពីម្ចាស់ប័ណ្ណនៅជុំវិញពិភពលោករួមមាន វីសា និងម៉ាស្ទ័រកាត បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទប្រកបដោយសុវត្ថិភាពខ្ពស់នៅជុំវិញពិភពលោក។ TIP៖ មុខងារនេះអនុញ្ញាតឱ្យទទួល Tip។ Clerk ID៖ អាចចាត់ចែងបុគ្គលតាមតួនាទី និងបង្កើតលេខសម្គាល់បុគ្គលិក។

ដើម្បីប្រើប្រាស់ស្ថាបនា ទូទាត់ លោកអ្នកគ្រាន់តែទាញយក ស្ថាបនា ទូទាត់ ពី App Store ឬ Google Play Store។ បន្ទាប់មក លោកអ្នកអាចចូលទៅប្រើប្រាស់ស្ថាបនា ទូទាត់បានភ្លាមៗ តាមរយៈគណនីធនាគារ ស្ថាបនារបស់លោកអ្នក ហើយលោកអ្នកអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើន របស់ស្ថាបនា ទូទាត់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/digital-banking/business/sathapana-tutort

សូមបញ្ជាក់ថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕