(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បន្តរៀបចំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តជាថ្មីម្ដងទៀតនៅឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩៖៣០ ព្រឹក ដល់ ៤៖៣០ រសៀល ដើម្បីផ្ដល់ជីវិតដល់អ្នកត្រូវការឈាមបន្ទាន់ និងដើម្បីលើកកម្ពស់ចលនាមនុស្សធម៌ នៃការបរិច្ចាគឈាមនៅកម្ពុជា។

ក្រុមហ៊ុន ជីប ម៉ុង តែងសកម្មជានិច្ចនៅក្នុងកិច្ចការមនុស្សធម៌ ដោយជាក់ស្ដែង នាដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន បានសហការរៀបចំកម្មវិធីផ្ដល់ឈាមម្ដងរួចមកហើយ និងទទួលបានអ្នកស្ម័គ្រចិត្តចូលរួមយ៉ាងច្រើន។ ដោយយល់ឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋយើង និងសារសំខាន់នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលប្រៀបបានដូចជាអំណោយជីវិតដ៏មិនអាចកាត់ថ្លៃបាន ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្ម សម្រេចរៀបចំយុទ្ធនាការនេះសម្រាប់ បុគ្គលិក និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋយើង ក្នុងសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ។

សូមគូសបញ្ជាក់ដែរថា ការបរិច្ចាគឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកបរិច្ចាគផងដែរ។ អត្ថប្រយោជន៍សុខភាពមានជាអាទិ៍៖ ដឹងពីប្រភេទឈាម កាត់បន្ថយជំងឺមហារីកផ្សេងៗ កាត់បន្ថយកូឡេស្តូរ៉ល និងភាពតានតឹងក្នុងចិត្ត កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឱ្យប្រសើរឡើងសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

សូមលើកទឹកចិត្តសាធារណជនទាំងអស់ដែលមានសុខភាពល្អ មានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ និងមានទម្ងន់ចាប់ពី ៤៥ គីឡូក្រាមឡើងទៅ ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីក្លាយជាវីរជនសង្គ្រោះជីវិតមនុស្ស៕