(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (E-Sports) បានលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំសហព័ន្ធ ក្លិប និងកីឡាករ ព្រមទាំងដៃគូឯកជន ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីរក្សាការអភិវឌ្ឍគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យលើឆាកអន្ដរជាតិ ដ្បិតលោកចង់ឃើញកីឡាអេឡិចត្រូនិកកម្ពុជា បន្ដជោគជ័យបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅថៃ ក្រោយទទួលបានជោគជ័យលើទឹកដីរបស់ខ្លួន។

នេះបើតាមការធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ Wownow & Prince Mall League (WPML) រដូវកាលទី២ ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legends: Bang Bang កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្ដីការក្រសួងព័ត៌មាន ខណៈលោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករទាំងអស់ បានចូលរួមប្រកួត បង្ហាញ និងដុសខាត់សមត្ថភាព។

ប្រធានសហព័ន្ធខាងលើ បានកោតសរសើរដៃគូអភិវឌ្ឍន៍ ក្លិប និងកីឡាករទាំងអស់ ដែលចំណាយពេល និងធនធាន ចូលរួមអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកឲ្យកាន់តែរីកចម្រើន និងមានមោទនភាព ជាក់ស្ដែងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ បានស្ដែងឲ្យឃើញពីសមិទ្ធផល នៃការខំប្រឹង និងរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ រហូតក្រុមកីឡាអេឡិចត្រូនិក ដណ្ដើមបានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១។ បែបនេះក្ដី លោកនៅតែចង់ឃើញវិស័យកីឡារីកចម្រើន ហើយកាន់តែជោគជ័យថែមទៀត។

រដ្ឋលេខាធិការក្រសួងព័ត៌មានដដែលបន្ដថា «ស៊ីហ្គេមនៅកម្ពុជាយើងជោគជ័យ តែខ្ញុំចង់បានជោគជ័យបន្ដទៀត សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។ ខ្ញុំចង់បានជោគជ័យលើទឹកដីគេវិញ បន្ទាប់ពីយើងជោគជ័យលើទឹកដីរបស់យើង។ ប៉ុន្ដែត្រូវសម្រេចវត្ថុបំណងនេះ យើងត្រូវហ្វឹកហាត់ គោរពវិន័យ និងត្រូវបណ្ដុះបណ្ដាលគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យក្លាយទៅជាកីឡាករមួយ ដែលបំពេញនូវត្ថុបំណងរបស់យើងទាំងអស់គ្នា ក្ដីស្រម៉ៃយើងទាំងអស់គ្នា ហើយមានមោទនភាពជាតិទាំងអស់គ្នាផងដែរ»

ចុងក្រោយលោកសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតពានរង្វាន់ WPML ឆ្នាំនេះ នឹងសម្រេចបាននូវផ្លែផ្កាកាន់តែប្រសើរ ស្របតាមលក្ខខណ្ឌសហព័ន្ធ ដើម្បីដុសខាត់សមត្ថភាពកីឡាករ និងបណ្ដាក្រុមចូលរួម ក្នុងន័យជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ដែលកំពុងធ្វើដំណើរយ៉ាងរលូន បន្ទាប់ពីការតស៊ូមតិ រហូតមានការទទួលស្គាល់ពីសហព័ន្ធកីឡាអេឡិចត្រូនិកពិភពលោក អាស៊ី និងក្នុងសហគមន៍ផ្ទាល់ ក្នុងការទទួលស្គាល់ប្រភេទកីឡា ដែលទាមទារឲ្យកីឡាករ-កីឡាការិនីត្រូវចេះបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ WPML ឆ្នាំ២០២៣ ជាបណ្ដោះអាសន្នមកទល់ពេលនេះ មានក្រុមចុះឈ្មោះចូលរួម ៤៥៧ក្រុមហើយ ខណៈគណៈកម្មការនឹងកំណត់យក ៥១២ក្រុម ដើម្បីធ្វើការប្រកួតជម្រុះយក ៨ក្រុម ឡើងទៅប្រកួតវគ្គបន្ដជាមួយក្រុមលីគ MPL ៧ក្រុមផ្សេងទៀត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ការប្រកួតជម្រុះនឹងធ្វើឡើងពីថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា នៅរាជធានីភ្នំពេញ មុនបន្ដការប្រកួតស្វែងរកក្រុមជយលាភី នាថ្ងៃទី២៧ ខែសីហា នៅខេត្តព្រះសីហនុ៕