(បរទេស)៖ មេឃខៀវ Manchester City បានបញ្ចប់ដំណើរប្រកួតលក្ខណៈមិត្តភាពអន្តរជាតិបែបទេសចរណ៍ ប្រចាំឆ្នាំ២០២៣ នៅអាស៊ីរបស់ខ្លួនជាផ្លូវការហើយ ដើម្បីមកហ្វឹកហាត់ត្រៀមប៉ះគូប្រជែងក្នុងលីគ កាំភ្លើងធំ Arsenal នាចុងសប្តាហ៍នេះវិញម្តង។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា អតីតម្ចាស់ជើងឯកពានដល់ទៅ៣ ខាងលើនេះ បានលេងចាញ់ក្រុមមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផល ២ទល់នឹង១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងម្សិលមិញនេះ មុនពេលត្រឡប់មកអង់គ្លេសវិញ។

ក្នុងការប្រកួត ៩០នាទីពេញនោះ ក៏មានការពន្យារពេលចាប់ផ្តើមដល់ទៅ ៤០នាទីផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះ មុនពេល Memphis Depay ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមមកពី La Liga គ្រាដែល Ruben Dias ដែលត្រូវបានដាក់ឲ្យចូលលេងសម្រាប់ ៦នាទីចុងក្រោយ ជាអ្នករកបានគ្រាប់វាយបក។

ខ្សែការពារ Kyle Walker ដែលត្រូវបានទាក់ទងដោយក្លិបអាល្លឺម៉ង់ Bayern Munich នោះ បានទាត់បាល់ទៅប៉ះរបារទីក្នុងរយៈចម្ងាយ ៣០យ៉ាត ដ្បិតមិត្តរួមក្រុម Erling Haaland និង Phil Foden សុទ្ធតែមានឱកាសរកគ្រាប់បាល់នៅវគ្គទី១ តែធ្វើមិនបានសម្រេច។

Man City ដែលជាជើងឯក FA Cup, Premier League និង UEFA Champions League រដូវកាល ២០២២-២០២៣ នឹងត្រូវប៉ះ Arsenal ក្រុមលេខ២ ក្នុងលីគរដូវកាលមុន ដណ្តើមពានបើករដូវកាល FA Community Shield នារាត្រីថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Wembley៕