(បរទេស)៖ បទចម្រៀង «Ddu-du Ddu-du» របស់ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយលើ YouTube បន្ទាប់ពីមានអ្នកចូលទស្សនាច្រើនបំផុត ដែលធ្វើបទចម្រៀងនេះ ក្លាយជាវីដេអូ K-pop ទី១ ឈានដល់ ២.១ពាន់លាន View លើ YouTube។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ផលិតកម្ម YG បានឲ្យដឹងថា វីដេអូចម្រៀងនេះ គឺបានកើនឡើងចំនួនអ្នកទស្សនាដល់ជាង ២.១ពាន់លានដងលើ YouTube នៅវេលាម៉ោង៥ល្ងាចម្សិលមិញនេះ ពោលគឺចំណាយរយៈពេល៥ឆ្នាំ និង១ខែ បន្ទាប់ពីត្រូវបានបញ្ចេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ បទចម្រៀងនេះ បានទាក់ទាញអ្នកទស្សនាទូទាំងពិភពលោក ដោយបង្កើតកំណត់ត្រាជាវីដេអូចម្រៀង K-pop ដែលមានអ្នកមើលច្រើនជាងគេនៅលើ YouTube ក្នុងឆ្នាំនេះ ជាមួយនឹងការច្រៀងបន្ទរ និងក្បាច់រាំដ៏ជក់ចិត្តរបស់វា។

គួរជម្រាបថា បទចម្រៀងនេះបានឈរនៅលេខរៀងទី៥៥ នៅលើតារាង Billboard Hot 100 បន្ទាប់មកឈរនៅលំដាប់ខ្ពស់បំផុតដោយក្រុមនារី K-pop នៅលើតារាងចម្រៀងទោល។ បទចម្រៀងនេះក៏ទទួលបានការស្ទ្រីមច្រើនជាង ៦០០លាននៅលើ Spotify ដែលជាវេទិកាស្ទ្រីមតន្ត្រីដ៏ធំបំផុតរបស់ពិភពលោក៕