(បរទេស)៖ ប្រទេសណូវែលហ្សេឡង់ ដែលជាដៃគូធ្វើសហម្ចាស់ផ្ទះរួមគ្នាជាមួយអូស្រ្តាលី សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក ជំនាន់ទី៩ ឆ្នាំ២០២៣ នេះបានជ្រុះក្នុងពូលបាត់ទៅហើយ ក្រោយមិនអាចយក ៣ពិន្ទុពីក្រុមស្រ្តីស្វីស។

យ៉ាងនេះក្តី ស្រ្តីណូវែលហ្សេឡង់ ត្រូវបានចារក្នុងប្រវត្តិសាស្រ្ត Women’s World Cup ក្នុងនាមជាម្ចាស់ផ្ទះ ដែលមិនអាចឆ្លងចូលវគ្គបន្តបាន ក្រោយពេលព្រឹត្តិការណ៍មាន ៤ឆ្នាំម្តងនេះ ត្រូវបានរៀបចំឡើងលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩១ មក។

ពួកគេក៏បានដើរតាមគន្លងដូចប្រទេសកាតាដែរ នាមជាម្ចាស់ផ្ទះ World Cup ផ្នែកបុរសកាលពីឆ្នាំទៅ។

ណូវែលហ្សេឡង់ បានចាប់ផ្តើមប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយទល់នឹងស្រ្តីនៅអឺរ៉ុប គឺក្រុមស្វីស នៅពេលពួកគេឈរនៅលេខ២ ប្រចាំពូល A សម្រាប់វគ្គ ៣២ក្រុម ក៏ប៉ុន្តែស្រ្តីន័រវេស រកបាន ៣ពិន្ទុឡើងមកឈរលេខ២ វិញ ក្រោយពេលបំបាក់ស្រ្តីហ្វីលីពីនដោយលទ្ធផល ៦ទល់នឹង០ គ្រាដែលណូវែលហ្សេឡង់ បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយស្វីស។

វាជារឿងដ៏គួរឲ្យខកចិត្តមួយសម្រាប់ណូវែលហ្សេឡង់ ដែលបានយកឈ្នះស្រ្តីន័រវេស ១-០ នៅថ្ងៃបើកឆាក តែបែរមកចាញ់ស្រ្តីហ្វីលីពីន ដែលមានចំណាត់ថ្នាក់ទាបជាងគេលើលោក ១-០ ទៅវិញក្នុងប្រកួតទី២ របស់ពួកគេនៅទីក្រុង Wellington កាលពីរាត្រីថ្ងៃអង្គារសប្តាហ៍មុន។

១ប្រកួតចុងក្រោយដែលពួកគេត្រូវការជ័យជម្នះដាច់ខាតនោះ ស្រ្តីណូវែលហ្សេឡង់បានស៊ុតចំគោលដៅតែ ១លើកប៉ុណ្ណោះ ក្នុងរយៈពេល ៩០នាទីពេញ និងរកបាន ១គ្រាប់ផងដែរ ក្នុងចំណោម ៣ប្រកួត ពីការបង្ហាញខ្លួនជុំចុងក្រោយលើកទី៦ របស់ពួកគេនៅ Women’s World Cup៕