(ភ្នំពេញ)៖ បច្ចុប្បន្នប្រជាពលរដ្ឋពេញនិយមក្នុងការទិញផលិតផល និងសេវាកម្មជាច្រើនប្រភេទផ្សេងៗគ្នា យកមកប្រើប្រាស់ តាមរយៈការទិញដោយផ្ទាល់ផង និងការបញ្ជាទិញតាមរយៈការផ្សាយពាណិជ្ជកម្មអនឡាញផង។ នៅក្នុងប្រតិបត្តិការនៃការទិញលក់ យើងមើលឃើញថា បុគ្គលមួយចំនួនហាក់មិនទាន់ស្គាល់ច្បាស់ពីផលិតផល ឬសេវាកម្មទាំងនោះនៅឡើយទេ ដោយបុគ្គលមួយចំនួនត្រូវបានអ្នកលក់ ឬ អ្នកផ្ដល់សេវាកម្ម ឬ អ្នកផ្គត់ផ្គង់ផលិតផល បោកប្រាស់ និងផ្ដល់ទំនិញ ឬ សេវាកម្មក្លែងក្លាយ ដែលគ្មានប្រភពច្បាស់លាស់ មិនមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធជាដើម។

អ្នកប្រើប្រាស់ដែលបានធ្វើការទិញ ឬ ទទួលសេវាកម្ម គឺមានគោលបំណងទទួលបាននូវផលិតផល ឬសេវាកម្មមួយដែលមានគុណភាពល្អ មានការទទួលស្គាល់ អាចប្រើប្រាស់បាន ប៉ុន្ដែករណីកម្មវត្ថុនៃការលក់ទិញទាំងនោះ ផ្ទុយពីវត្ថុបំណងរបស់អ្នកប្រើប្រាស់ ឬ មិនអាចសម្រេចនូវវត្ថុបំណងទាល់តែសោះ ការណ៍នេះនាំឱ្យមានផលប៉ះពាល់ដល់សិទ្ធិរបស់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

ដូច្នេះផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ តើអ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិអ្វីខ្លះ? ហើយចុះអ្នកធ្វើធុរកិច្ចដោយទុច្ចរិតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងជនរងគ្រោះបែបណាដែរ?

ដើម្បីឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សិទ្ធិអ្នកប្រើប្រាស់» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

អ្នកប្រើប្រាស់ សំដៅលើបុគ្គលដែលទទួលបានទំនិញ ឬសេវា ក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងផ្ទះ ឬ ក្នុងគ្រួសារ ដោយមិនមានបំណងផ្គត់ផ្គង់បន្ដ ក្នុងន័យធ្វើពាណិជ្ជកម្មឡើយ ហើយក៏មិនប្រើប្រាស់ក្នុងដំណើរការចង្វាក់ផលិតកម្ម ឬក្នុងសកម្មភាពពាណិជ្ជកម្មផងដែរ។

ចំពោះសិទ្ធិអ្នកប្រើប្រាស់ គឺជាសិទ្ធិមួយក្នុងការទទួលបាននូវព័ត៌មាន និងការអប់រំដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញ ឬសេវា ដើម្បីការពារការក្លែងបន្លំ និងបោកប្រាស់តាមរយៈការផ្សាយពាណិជ្ជកម្ម។ បន្ថែមពីនេះ អ្នកប្រើប្រាស់មានសិទ្ធិជ្រើសរើសនូវតម្លៃ និងគុណភាព នៃទំនិញ ឬសេវាកម្ម ដែលមានការប្រកួតប្រជែងគ្នា ហើយក៏មានសិទ្ធិទទួលការដឹងឮអំពី ប្រភេទ ចំណាត់ថ្នាក់ សុវត្ថិភាព បរិមាណ ប្រភពដើម មុខងារប្រើប្រាស់ ការថែទាំ សមាសធាតុផ្សំ ការរចនា ការដំឡើង វិធីប្រើ ថ្លៃ ការវេចខ្ចប់ ការផ្សព្វផ្សាយ ឬការផ្គត់ផ្គង់ កាលបរិច្ឆេទផលិតផល និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ព័ត៌មានអំពីការផលិត ឬព័ត៌មានទាក់ទងនឹងការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម។

ក្នុងករណីមានការរំលោភបំពាន អ្នកប្រើប្រាស់មានសិទ្ធិដាក់ពាក្យបណ្ដឹងស្នើសុំការជួយដោះស្រាយពីស្ថាប័នមានសមត្ថកិច្ច (គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់) និងអាចទទួលបានការជួយដោះស្រាយពីរាជរដ្ឋាភិបាល ព្រមទាំងមានសិទ្ធិទាមទារសំណងតាមផ្លូវច្បាប់។ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ មានសមត្ថកិច្ចទទួលពាក្យបណ្ដឹង អាចចាត់តាំងមន្ត្រីស៊ើបអង្កេត ចុះស៊ើបអង្កេត ត្រួតពិនិត្យ ឆែកឆេរ បន្ទាប់មកប្រើយន្តការដោះស្រាយតាមរយៈការចរចា លើកលែងតែករណីព្រហ្មទណ្ឌ និងការបំពានបទបញ្ញត្តិនេះ (ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់) ជាថ្មីទៀតរបស់បុគ្គលនោះ។

ក្រោយពីបញ្ចប់ការចរចា គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នឹងចេញសេចក្ដីសម្រេច និង/ឬ ចេញការកំណត់ទណ្ឌកម្មរដ្ឋបាល ដោយសេចក្ដីសម្រេចនោះអាចហាមឃាត់បុគ្គលណាមួយពីមុខងារគ្រប់គ្រងបាន ហើយសេចក្ដីសម្រេចហាមឃាត់នោះ ត្រូវប្រគល់ឱ្យបុគ្គលពាក់ព័ន្ធ ឬសមាគមអ្នកប្រើប្រាស់ណាមួយ បញ្ញតិ្តករមានសមត្ថកិច្ច និងអង្គភាពចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងត្រូវផ្សាយនៅលើគេហទំព័រ ឬព្រឹត្តិបត្ររបស់ខ្លួន ឬតាមមធ្យោបាយផ្សេងទៀត។ សេចក្ដីសម្រេចហាមឃាត់នោះ មិនត្រូវតិចជាង ២ឆ្នាំ និងមិនត្រូវលើសរយៈពេល ៥ឆ្នាំឡើយ។ ប៉ុន្ដែ បុគ្គលពាក់ព័ន្ធអាចប្តឹងតវ៉ា នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់បានក្នុងរយៈពេល ១៥ថ្ងៃ យ៉ាងយូរ។

ចំណែកឯបុគ្គលធ្វើធុរកិច្ច មិនត្រូវធ្វើអំពើមិនសុចរិតឡើយ ដូចជាអំពើដែលអាចបំភាន់ ឬបោកបញ្ឆោតអ្នកប្រើប្រាស់ដោយចេតនា ឬអចេតនាក្ដី នូវការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និងអំណះអំណាងផ្សេងទៀតដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពី ថ្លៃ តម្លៃ ឬគុណភាព នៃទំនិញ ឬសេវាកម្ម ហើយមិនអាចគេចវេះនូវការទទួលខុសត្រូវ ដោយការពឹងផ្អែកទៅលើការបោះពុម្ពអក្សរ និងស្លាកសញ្ញាតូចៗពិបាកមើល ដែលនាំឱ្យមានការភាន់ច្រឡំឡើយ។

ជាមួយគ្នានេះ បុគ្គលធ្វើធុរកិច្ច ដែលប្រើប្រាស់នូវទម្រង់ស្ដង់ដារនៃកិច្ចសន្យាដែលមានភាពមិនសុចរិត ដោយមិនផ្ដល់លទ្ធភាពដល់អ្នកប្រើប្រាស់ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យា ឬបានបង្កប់នូវខ្លឹមសារនិងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតមានដូចជា៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវរបស់បុគ្គលធ្វើធុរកិច្ចលើទំនិញ/សេវាកម្មរបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចកែប្រែ ឬផ្លាស់ប្តូរចំណុចណាមួយលើប្រភេទ បរិមាណ តម្លៃ និងគុណភាពនៃទំនិញ និង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗនៃទម្រង់ស្ដង់ដារនៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់ខ្លួន។ ករណីបុគ្គលដែលធ្វើធុរកិច្ចទាំងឡាយដែលបានធ្វើសកម្មភាពដូចខាងលើ នោះបុគ្គលដែលទទួលរងនូវអយុត្តិធម៌ដោយអំពើខាងលើ អាចដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំបាន។

សរុបមក សិទ្ធិអ្នកប្រើប្រាស់ គឺជាសិទ្ធិមួយដែលអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវព័ត៌មាន និងការអប់រំដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញ ឬសេវា ដើម្បីការពារការក្លែងបន្លំ និងបោកប្រាស់ តាមរយៈការផ្សាយពាណិជ្ជកម្ម ព្រមទាំងទទួលបានការការពារស្របតាមបញ្ញត្តិច្បាប់ និងទទួលបានការគាំពារករណីមានការរំលោភបំពានណាមួយពីបុគ្គលដែលធ្វើធុរកិច្ចមិនសុចរិត។ ចំណែកឯ បុគ្គលដែលធ្វើធុរកិច្ចដោយទុច្ចរិត នឹងទទួលរងនូវការពិន័យអន្តរកាល តាមបញ្ញត្តិច្បាប់ ប៉ុន្ដែប្រសិនបើករណីធ្ងន់ធ្ងរដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ នោះនឹងទទួលរងនូវទោសដាក់ពន្ធនាគារ ស្របតាមច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm