(ឡុងដ៍)៖ ក្លិប Manchester United បានច្រានចោលការដេញថ្លៃ ២០លានផោនពីក្លិបញញួរធំ West Ham United សម្រាប់ការផ្ទេរយកខ្សែការពារអង់គ្លេស Harry Maguire។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

អ្នកចាត់ការក្លិប West Ham លោក David Moyes មានបំណងចង់បាន Maguire និងមានថវិកាសម្រាប់ចំណាយ បន្ទាប់ពីការលក់ខ្សែបម្រើអង់គ្លេស Declan Rice ក្នុងតម្លៃ ១០០លានផោន។

អនាគតរបស់ Maguier នៅកីឡដ្ឋាន Old Trafford ស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីបានបាត់បង់ភាពជាប្រធានក្រុម ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag កាលពីដើមខែនេះ។

អ្នកចាត់ការសញ្ជាតិហូឡង់ Erik ten Hag បានលើកឡើងថា ការផ្លាស់ទៅក្លិបផ្សេង អាចជួយឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះស្តារទម្រង់លេងរបស់គាត់បាន។

Man United ត្រៀមខ្លួនសម្រាប់ការស្តាប់នូវការផ្តល់ជូន ដែលសមស្របទៅនឹងតម្លៃរបស់ពួកគេ ប្រសិនបើ Maguier បង្ហាញឆន្ទៈចង់ចាកចេញ។

Maguire ត្រូវបានគេជឿជាក់ថា បច្ចុប្បន្នអាចរកចំណូលបាន ២០០,០០០ផោន ក្នុង ២សប្តាហ៍​នៅកីឡដ្ឋាន Old Trafford ដែលចំនួននេះ ច្រើនជាងកីឡាករ ដែលអាចរកប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅ West Ham ទៅទៀត។

Maguier ត្រូវបានតែងតាំងជាប្រធានក្រុម ដោយអតីតអ្នកចាត់ការ Ole Gunnar Solskjaer ក្នុងខែមករា ឆ្នាំ២០២០ មានរយះពេល ៥ខែបន្ទាប់ពីបានចុះកិច្ចសន្យា​ផ្ទេរមកពីក្លិប Leicester City ក្នុងតម្លៃខ្លួន ៨០លានផោន។

Maguire បានលេង៣១ប្រកួត ក្នុងចំណោម៦២ប្រកួតរបស់ក្លិប នៅក្នុងការប្រកួតទាំងអស់ អំឡុងរដូវកាល២០២២-២៣។ កិច្ចសន្យារបស់ Maguire នៅកីឡដ្ឋាន Old Trafford នឹងបញ្ចប់ក្នុងឆ្នាំ២០២៥៕