(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp បានបញ្ចេញនូវមុខងារថ្មីមួយនៅលើកម្មវិធីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាវីដេអូបាន។ ដោយកន្លងមកអ្នកប្រើប្រាស់ WhatsApp អាចបានត្រឹមតែ Call ឬផ្ញើសារសម្លេង និងជាអក្សរប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

មុខងារដែល WhatsApp កំពុងដាក់ដំណើរការនេះ គឺមានជាយូរមកហើយលើកម្មវិធីផ្ញើសារ Telegram ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសផ្ញើសារជាសម្លេង រូបភាព វីដេអូក្នុងទំហំធំ និងមាន Sticker ជាច្រើនទៀត។ តាមការប្រកាសចុងក្រោយនេះ WhatsApp នឹងដាក់ចេញនូវមុខងារផ្ញើរសារជាវីដេអូជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើរវីដេអូនបានក្នុងទំហំកំណត់ ៦០វិនាទីប៉ុណ្ណោះ ខណៈមុខងារនេះនឹងត្រូវស្ថិតក្រោមការការពារសុវត្ថិភាពទិន្នន័យ End-to-End Encryption របស់ WhatsApp។

គួរជម្រាបដែរថា មុខងារនេះនឹងមាននៅលើភ្លេតហ្វម WhatsApp ទាំងអស់ រួមទាំងអ្នកប្រើប្រាស់ប្រតិបត្តិការ iOS និង Android ផងដែរ៕