(ភ្នំពេញ)៖ លោក Simon Mcmenemy គ្រូបង្វឹកក្រុមវិសាខា និងលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានបង្ហាញការគោរពគ្នាទៅវិញទៅមក មុនជំនួបពានរង្វាន់ Cambodian Super Cup 2023 នាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែកក្កដាស្អែក នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។ ប៉ុន្ដែគ្រូបង្វឹកទាំងពីររំពឹងថា ការប្រកួតនេះ នឹងមានភាពភ្ញាក់ផ្អើលច្រើន សម្រាប់ជំនួបពានរង្វាន់បើករដូវកាលថ្មីនេះ។

សម្រាប់គ្រូបង្វឹកវិសាខា បានបង្ហាញការគោរពចំពោះក្រុមភ្នំពេញក្រោន ដោយសារពួកគេ គឺជាក្រុមជោគជ័យបំផុតនៅកម្ពុជា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ តាមរយៈស្ថិតិពានរង្វាន់ ដែលពួកគេទទួលបានជាក់ស្ដែង។ ដូច្នេះបេសកកម្មរបស់លោក ក្នុងការដឹកនាំវិសាខា គឺការពង្រឹងក្រុមឲ្យរីកចម្រើន ឆ្ពោះទៅកាត់បន្ថយគម្លាតខុសគ្នា រវាងវិសាខា និងភ្នំពេញក្រោន ហើយឈានទៅដណ្ដើមពានរង្វាន់ Cambodian Super Cup ស្អែកនេះ។

លោក Simon ថា «ការលេងទល់ក្រុមមួយជោគជ័យខ្លាំងក្នុងរយៈពេលចុងក្រោយ គឺជាឧបសគ្គធំមួយ សម្រាប់វិសាខា។ ប៉ុន្ដែទោះជាយ៉ាងណា ក៏យើងនឹងព្យាយាមលេង ១០០% ដើម្បីយកឈ្នះក្រុមខ្លាំង ដែលមានកំណត់ត្រាល្អ ដើម្បីដណ្ដើមពាន ព្រោះយើងបានហ្វឹកហាត់ខ្លាំងជាយូរមកហើយ...។ ខ្ញុំនឹងព្យាយាមរៀបចំការប្រកួតស្អែកនេះ ឲ្យក្លាយជាការប្រកួតដ៏ធំ និងអស្ចារ្យ។ វាគឺជាការប្រកួតដ៏សំខាន់មួយ ព្រោះជាការប្រកួតផ្លូវការលើកដំបូង មុនលីគចាប់ផ្ដើម។ យើងសង្ឃឹមថា យើងនឹងធ្វើបានល្អ ហើយរក្សាកំណត់ត្រាល្អ រហូតដល់ពេលលីគចាប់ផ្ដើម និងបញ្ចប់វិញ»

ដោយឡែកលោក Oleg Starynskyi បានលើកឡើងថា វិសាខា គឺជាក្រុមខ្លាំង។ ដូច្នេះជំនួបស្អែកនេះ គឺពិតជាសំខាន់សម្រាប់ក្រុមខ្លួន តែលោកមានសុទិដ្ឋិនិយមខ្ពស់លើកូនក្រុម ដែលត្រៀមបានយ៉ាងល្អ បើធៀបនារដូវកាមុនៗ។ លោកថា «ពេលនេះ យើងមានកីឡាករល្អៗច្រើន ដែលអាចនិយាយបានថា យើង មានក្រុមដែលល្អ បើធៀបនឹងពេលខ្ញុំមកដល់ដំបូង ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយ ឥឡូវនេះ យើងមានក្រុមល្អ។ សម្រាប់កីឡាករ យើងឃើញថា ក្នុងតំបន់នីមួយៗ គឺយើងមានកីឡាករពីរៗនាក់ ដែលអាចជំនួសគ្នាលេងបានទៅវិញទៅមក ខុសពីមុនដែលយើងមានតែម្នាក់ៗ»

យ៉ាងណាក្ដីលោកថា ស្អែកនេះនឹងក្លាយជាការប្រកួតដ៏ភ្ញាក់ផ្អើល ព្រោះលោកយល់ថា «រយៈពេលនៃការប្រកួតកន្លងមក យើងឃើញថា វិសាខាគាត់មានគ្រូថ្មី ហើយគាត់ចាប់ផ្ដើមរៀបចំទម្រង់លេងថ្មីឡើងវិញច្រើន។ គាត់មានក្រុមការងារថ្មី មានន័យថា ឥឡូវនេះ ក្រុមការងារវិសាខា គឺថ្មីតែម្ដង ដ្បិតបន្ទាប់ពីការចូលរួមរបស់គ្រូថ្មីរយៈពេល ៦ខែនេះ ក៏មានកីឡាករបរទេសថ្មីៗ រួមទាំង Mozinho ក៏បានត្រឡប់មកវិញ និងកីឡាករប្រេស៊ីលថ្មីៗជាដើម។ ដូច្នេះគឺជាអ្វីៗដែលថ្មី សម្រាប់វិសាខា បើយើងប្រៀបធៀបជាមួយការប្រកួតផ្ដាច់ព្រ័ត្រជាមួយណាហ្គាវើលដ៍ គឺមានភាពខុសគ្នា។ ហេតុនេះ ខ្ញុំគិតថា នឹងមានអ្វីភ្ញាក់ផ្អើលច្រើន សម្រាប់ថ្ងៃស្អែក»