(ភ្នំពេញ)៖ ជាពេលវេលាដ៏អស្ចារ្យមួយរវាងឧស្សាហកម្មពីរគឺ ក្រុមហ៊ុន អឹមជី ខេមបូឌា និងក្រុមហ៊ុន ជីហ្គៀ គ្រុប ខូអិលធីឌី កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ បានរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការដើម្បីពង្រីកការរីកចម្រើនជាមួយគ្នាតាមរយៈ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូអាជីវកម្មដោយបានផ្ដល់នូវការបញ្ចុះតម្លៃពិសេសទៅកាន់អតិថិជនរបស់ពួកគេជាមួយនឹងកិច្ចសហការណ៏សម្រាប់រយៈពេល៦ខែគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។

កម្មវិធីនេះ ធ្វើឡើងនៅអគារតាំងបង្ហាញរថយន្ត MG សាខាផ្លូវ៦០ម៉ែត្រ ដែលជាសញ្ញានៃជំហានដ៏សំខាន់ឆ្ពោះទៅរកការលើកកម្ពស់ភាពជាដៃគូរឱ្យកាន់តែរឹងមាំរវាងក្រុមហ៊ុនទាំងពីរ។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃតំណាងក្រុមហ៊ុនទាំងពីរគឺ ក្រុមហ៊ុន អឹមជី ខេមបូឌា និងក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលជាការបង្ហាញពីសារៈសំខាន់រវាងក្រុមហ៊ុនទាំងពីរក្នុងការផ្ដោតទៅលើយុទ្ធសាស្រ្តនៃសហប្រតិបត្តិការជាដៃគូរក្នុងអត្ថន័យការចែករំលែកនូវចក្ខុវិស័យដើម្បីគ្រប់គ្រងភាពខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ ក៏ដូចជាបន្ថែមនូវសមត្ថភាពដើម្បីពង្រីកទីផ្សារនៅប្រទេសកម្ពុជា និងការសហការណ៏គ្នាដើម្បីផ្តល់ជូននូវតម្លៃពិសេសជូនដល់អតិថិជនទាំងពីរផងដែរ។

លើសពីនេះទៅទៀត ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូរនេះគឺមានចំណុចសំខាន់ពីរនៃកិច្ចសហប្រតិបត្តិការគឺការការបញ្ចុះតម្លៃពិសេសចំនួន ១០% ទៅលើផលិតផល ជីហ្គៀ សម្រាប់អតិថិជនសមាជិករថយន្ត MG ហើយអតិថិជនជាសមាជិកនៃក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងទទួលបាននូវប័ណ្ឌបញ្ចុះតម្លៃពិសេសចំនួន ២០០$ សម្រាប់ការជាវរថយន្ត MG។ ក្រុមហ៊ុនទាំងពីរនឹងធ្វើការងាររួមគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីស្វែងរកនិងផ្ដល់ជូននូវអត្ថប្រយោធន៏ល្អៗជាច្រើនបន្ថែមទៀតដើម្បីផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេក្រោយពេលដែលក្លាយជាសមាជិកនៃក្រុមហ៊ុននីមួយៗ។

នាឱកាសដ៏ពិសេសនេះ លោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ជាមួយប្រសាសន៏យ៉ាងក្បោះក្បាយថា «ថ្ងៃនេះជាឪកាសដ៏ល្អសម្រាប់ក្រុមហ៊ុនរបស់យើងទាំងពីរគឺ អឹមជី ខេមបូឌា និង ជីហ្គៀ គ្រុប ដែលបានចូលរួមភាពជាដៃគូរក្នុងគោលបំណងបង្កើតការសហការណ៏ឱ្យកាន់តែរឹងមាំប្រកបដោយគុណភាពរវាងផលិតផលទាំងពីរក្រុមហ៊ុន និងការផ្ដល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុត ក្នុងការផ្តល់តម្លៃពិសេសជូនអតិថិជនរបស់យើងបន្ទាប់ពីអតិថិជនបានទិញរថយន្តMG ពួកគេនឹងទទួលឱកាសជាច្រើនដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសពីដៃគូសហការរបស់យើងដោយគ្រាន់តែបង្ហាញនូវកាតសមាជិករបស់MGប៉ុណ្ណោះ។ តាមរយះការចុះហត្ថលេខាលើអនុស្សរណះយោគយល់គ្នានេះ, យើងរំពឹងថានឹងជំរុញនូវដំណើរការអាជីវកម្មទាំងពីរឱកាន់តែរីកសុះសាយយ៉ាងល្អនៅក្នុងវិស័យយានយន្ត និងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា»

ជាមួយគ្នានេះ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្ម ក៏បានថ្លែងថា «យើងសង្ឃឹមថាចំណងមិត្តភាពបន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃនេះ យើងនឹងអាចធ្វើការងារជាមួយគ្នា ហើយស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការពង្រឹង និងពង្រីកសេវាកម្មផលិតផលរបស់យើងនៅក្នុងទីផ្សារបានឱ្យកាន់តែល្អ។ លើសពីនេះទៀតនោះយើងអាច ជួយគ្នាក្នុងការជួយណែនាំផលិតផល និងផ្តល់តម្លៃមួយ ពិសេសសំរាប់អតិថិជនដែលជាសមាជិករបស់យើងផងដែរ»

លោកបានបញ្ជាក់បន្ថែមទៀតថា «ការចាប់ដៃគូជាមួយស្ថាប័នមួយយើងមិនមែនសំដៅទៅលើប្រាក់ចំណេញតាមរយៈការលក់ផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឹងប្រែងជួយអភិវឌ្ឍន៍អាជីវកម្មដៃគូរបស់យើងទៅវិញទៅមក ដើម្បីអាចផ្តល់ផលិតផលនិងសេវាកម្មមួយដែលជាតម្រូវការពិតប្រាកដ និងផ្តល់ភាពងាយស្រួលសំរាប់អតិថិជនអាចទិញផលិតផលបានតម្លៃសមរម្យដែលអតិថិជនអាចទទួលយកបានទាំងអស់គ្នា»

ជាថ្មីម្ដងទៀត កម្មវិធីក៏បានបញ្ចប់ដោយរលូន ហើយតំណាងក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខានិងចាប់ដៃគ្នាយ៉ាងកក់ក្ដៅ ដែលបង្ហាញពីភាពពេញចិត្តនៃកិច្ចព្រមព្រៀងនិងការប្ដេជ្ញាចិត្តគាំទ្រជានិច្ចក្នុងឱកាសដ៏អស្ចារ្យនេះ។ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរដើម្បីចូលរួមសហប្រតិបត្តិការគ្នាដោយផ្ដល់នូវការបញ្ចុះតម្លៃពិសេសជូនដល់អតិថិជនរបស់ពួកគេ និងបង្ហាញនូវវត្តមានផលិតផលរួមគ្នារវាងវិស័យយានយន្តនិងវិស័យបច្ចេកវិទ្យានៅក្នុងទីផ្សារ៕