(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថាទីផ្សារស្មាតហ្វូន iPhone នៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣កន្លងទៅនេះ ពោលគឺបានកើនឡើងរហូតដល់ទៅ ៥៥ភាគរយឯណោះ។ ចំពោះកត្តាដែលធ្វើឱ្យទីផ្សារ iPhone កើនឡើងខ្ពស់បែបនេះគឺដោយសារតែការដាក់លក់ស្មាតហ្វូន Android ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9TO5Mac នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពពីក្រុមហ៊ុនស្រាវជ្រាវដ៏ល្បី Counterpoint Research បានលើកឡើងថា ត្រីមាសទី២ ឆ្នាំនេះ គឺជាបញ្ហដ៏លំបាកបំផុតមួយសម្រាប់ទីផ្សារស្មាតហ្វូនរបស់សហរដ្ឋអាមេរិកទាំងមូល។ ការនាំចេញស្មាតហ្វូន Android កំពុងជួបបញ្ហាប្រឈមខ្លាំងកាលពីត្រីមាសកន្លងទៅនេះដោយបានធ្លាក់ចុះប្រហែល ២៤ភាគរយឯណោះ។

ក្នុងនោះក្រុមហ៊ុន Alcatel បានទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងការនាំចេញស្មាតហ្វូនរបស់ខ្លួនដែលបានធ្លាក់ចុះដល់ទៅ ៦៩ភាគរយ ចំណែកក្រុមហ៊ុន Samsung វិញបានធ្លាក់ចុះដល់ទៅ ៣៧ភាគរយ ហើយក្រុមហ៊ុន Motorola បានធ្លាក់ចុះខ្ទង់ ១៧ភាគរយ។ ខណៈដែលក្រុមហ៊ុន Google ក្នុងត្រីមាសទី២ កន្លងទៅនេះបានកើនឡើងការលក់គួរឱ្យកត់សម្គាល់ទៅស្មាតហ្វូនអេក្រង់បត់របស់ខ្លួនជាមួយនឹងចំណែកទីផ្សារជាង ៤៨ភាគរយឯណោះ។

គួរជម្រាបដែរថា ជុំវិញរបាយការណ៍ពីការដាក់លក់ iPhone ក្នុងត្រីមាសទី២ កន្លងទៅគឺបានកើនឡើងប្រហែល ១០ភាគរយបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានកើនឡើងពី ៤៥ភាគរយដល់ ៥៥ភាគរយ។ មូលហេតុដែលធ្វើឱ្យ iPhone កើនឡើងការលក់ច្រើនបែបនេះក៏ដោយសារតែ Apple បានបញ្ចេញនូវម៉ូដែល iPhone ថ្មីមួយចំនួននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ រួមទាំង iPhone 14 និង iPhone 14 Pro ផងដែរ។ ដែលម៉ូដែលថ្មីទាំងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ បូករួមទាំងការបញ្ចុះតម្លៃពិសេសសម្រាប់ការដាក់ដំណើរការហាងថ្មីៗ៕