(បរទេស)៖ លោកស្រី Michelle Yeoh ដែលបានជាប់ឈ្មោះជាតារាសម្តែងអាស៊ីដំបូងគេ ត្រូវបានតែងតាំងសម្រាប់ពាន «តារាសម្តែងឆ្នើម» ក្នុងកម្មវិធី Oscar នាដើមឆ្នាំ២០២៣នេះ ត្រូវបានរាយការណ៍មកថា សម្រេចចិត្តរៀបការជាមួយលោក Jean Todt អតីតនាយកប្រតិបត្តិក្រុមហ៊ុន Ferrari នៅប្រទេសស្វីស បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា អស់រយៈពេល១៩ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

អ្នកដែលបង្ហើបពីព័ត៌មានអំពីពិធីមង្គលការនេះ គឺគ្មាននរណាក្រៅពីអ្នកឡានប្រណាំងសញ្ជាតិប្រេស៊ីល Felipe Massa នោះទេ ត្បិតក្នុងបណ្តាញសង្គម Instagram, Massa បានអបអរសាទរគូស្វាមីភរិយាថ្មី ភ្ជាប់ជាមួយរូបភាពនៃពិធីអាពាហ៍ពិពាហ៍របស់ពួកគេ នៅក្នុងប្រទេសស្វីស ដែលត្រូវបានរាយការណ៍ថា បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបថា Yeoh និង Todt ដែលមានអាយុ ៧៧ឆ្នាំ បានជួបគ្នាដំបូងនៅទីក្រុងសៀងហៃនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៤ ដោយ Todt បានស្នើសុំលោកស្រី Yeoh ភ្ជាប់ពាក្យនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំដដែល។ គូស្នេហ៍នេះបានភ្ជាប់ពាក្យអស់រយៈពេល១៩ឆ្នាំហើយ ទម្រាំបានរៀបការជាមួយគ្នា។ តាមរយៈការសម្តែងក្នុងភាពយន្ត «Everything Everywhere All At Once» បញ្ចូលគ្រប់រសជាតិទាំងកំប្លែង វិទ្យាសាស្រ្ត និងវាយប្រហារ បានធ្វើឲ្យតារាសម្តែងម៉ាឡេស៊ី លោកស្រី Michelle Yeoh ជាប់ឈ្មោះជាតារាសម្តែងអាស៊ីដំបូងគេ ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Oscar នៅក្នុងឆ្នាំនេះ៕