(ភ្នំពេញ)៖ កុមារត្រូវបានប្រទេសជាច្រើននៅលើសកលលោកយកចិត្តទុកដាក់ក្នុងការគាំពារ និងលើកកម្ពស់នូវសិទ្ធិសេរីភាពនានា ដែលសិទ្ធិទាំងទ្បាយនោះត្រូវបានទទួលស្គាល់តាមរយៈអនុសញ្ញាស្តីពីសិទ្ធិកុមារ ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជា
សកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងទ្បាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។

ដោយហេតុថា កុមារត្រូវបានយកចិត្តទុកដាក់ក្នុងការថែរក្សាទាំងផ្លូវកាយ ផ្លូវចិត្ត និងសុវត្ថិភាព ដើម្បីបង្ការពីការបៀតបៀនទាំងឡាយពីមនុស្សពេញវ័យ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ញត្តិនូវទោស និងការពិន័យដល់ជនល្មើសដែលបានប្រើនូវអំពើអសីលធម៌ចំពោះកុមារ ។

ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី អសីលធម៌ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង ១៥ឆ្នាំ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋសិស្ស និស្សិត ដូចខាងក្រោម។

យោងតាមមាត្រា ៣៤១ បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង ១៥ឆ្នាំ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិ្តថា អំពើអាស គឺជាអំពើនៃការប៉ះ ពាល់ ឬការបង្ហាញកេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជន ក្នុងគោលបំណងធ្វើឱ្យរំជួល ឬ រីករាយ ដល់ចំណង់ផ្លូវភេទរបស់ជនល្មើស ។

ជនណាដែលប្រព្រឹត្តអំពើអាសទៅលើអនីតិជនអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។

ជាមួយគ្នានេះដែរ មាត្រា ៣៤២ នៃក្រមព្រហ្មទណ្ឌ ក៏បានចែងអំពីស្ថានទម្ងន់ទោសថា បទល្មើសដែលមានចែងក្នុងមាត្រា ៣៤១ (បទអាសប្រព្រឹត្តទៅលើអនីតិជនអាយុតិចជាង ១៥ឆ្នាំ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល កាលបើបទល្មើសនេះ បានប្រព្រឹត្ត៖

១. ដោយបុព្វញាតិ ។
២. ដោយបុគ្គលដែលមានអំណាចលើអនីតិជន ។
៣. ដោយបុគ្គលច្រើនរូប ដែលធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬ ជាអ្នកសមគំនិត ។
៤. ដោយការបង់លាភការ ។

សកម្មភាពខាងលើ គឺជាទង្វើអសីលធម៌ និងប៉ះពាល់ដល់ទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ព្រមទាំងបង្កនូវផលប៉ះពាល់ដល់អនីតិជនលើផ្លូវកាយ បង្កនូវ វិបត្តិផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ។

សរុបមក ការប្រព្រឹត្តនូវអំពើអាសទៅលើអនីតិជនអាយុក្រោម ១៥ ឆ្នាំ គឺជាបទមជ្ឈិម ដែលត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅជនល្មើសដែលប្រព្រឹត្តអំពើនេះ ដោយសារអំពើនេះបានធ្វើឱ្យប៉ះពាល់ដល់សង្គមគ្រួសារ សីលធម៌ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខភាពរបស់កុមារ ព្រមទាំងលើកកម្ពស់នូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ហេង មរកត ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕