(ឡុងដ៍)៖ ក្លិប Arsenal បានចុះកិច្ចសន្យា នាំយកខ្សែរបម្រើ Declan Rice លើកិច្ចសន្យារយៈពេលវែង មកពីក្លិប West Ham United, នេះបើតាមក្លិបមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍ បានប្រកាសនៅថ្ងៃសៅរ៍ ជាមួយនឹងអ្នកចាត់ការ Mikel Arteta បានលើកឡើងថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ «មានទេពកោសល្យពិសេស»។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ នៃការផ្ទេរនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា តម្លៃសម្រាប់ខ្សែបម្រើរូបនេះ មានចំនួន ១០៥លានផោន (១៣៧.៤៥លានដុល្លារ) ធ្វើឲ្យវាក្លាយជាការផ្ទេរក្នុងតម្លៃកំណត់ត្រា រវាងក្លិបអង់គ្លេសទាំងពីរ។

តម្លៃការផ្ទេរកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានលើសតម្លៃ ១០០លានផោន ដែលក្លិប Manchester City បានចំណាយឲ្យក្លិប Aston Villa ក្នុងការនាំយកខ្សែបម្រើអង់គ្លេស Jack Grealish ក្នុងឆ្នាំ២០២១។

Rice ក៏បានក្លាយជាកីឡាករដែលចុះកិច្ចសន្យា មានតម្លៃថ្លៃជាងគេបំផុត របស់ក្លិប Arsenal ផងដែរ លើសតម្លៃ ៧២លានផោន ដែលពួកគេបានចំណាយឲ្យក្លិប Lille សម្រាប់ការនាំយកកីឡាករ Nicolas Pepe ក្នុងឆ្នាំ២០១៩, ប៉ុន្តែតម្លៃនេះតិចជាងបន្តិច នៃតម្លៃ ១០៧ផោន ដែល Chelsea បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Enzo Fernadez មកពីក្លិប Benfica ក្នុងឆ្នាំនេះ។

សូមជម្រាបថា Rice បានចាកចេញពី West Ham បន្ទាប់ពីបានជួយក្រុមឲ្យឈ្នះពានរង្វាន់ Europa Conference League និងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងលីគ Premier League៕