(បរទេស)៖ ក្រុមហ៊ុនចិន BYD ធ្លាប់តែជាវិនិយោគិនដាក់លក់រថយន្តក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ តែក្រោយទទួលបានសន្ទុះគាំទ្រខ្លាំង BYD នឹងជ្រើសយកទីផ្សារប្រទេសឥណ្ឌាជាកន្លែងផលិត និងលក់នៅទីនោះផ្ទាល់តែម្តងជាមួយនឹងការសហការរួមគ្នាបង្កើតរោងចក្រផលិតអាគុយអគ្គិសនី និងតំឡើង ខណៈបច្ចុប្បន្ននេះកំពុងដាក់សំណើរសុំការវិនិយោគទៅរដ្ឋាភិបាលឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

នៅថ្ងៃសុក្រសប្តាហ៍នេះ BYD បានដាក់សំណើរវិនិយោគទៅកាន់រដ្ឋាភិបាលឥណ្ឌាដើម្បីសុំទីតាំងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីរួមគ្នាដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារជាមួយក្រុមហ៊ុនឥណ្ឌា Megha Engineering & Infrastructures Limited។ ជាមួយនឹងសំណើរនោះ BYD ជ្រើសយកទីតាំង Hyderabad ដែលជារដ្ឋធានីដ៏ធំមួយនៃរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ជាកន្លែងសាងសង់រោងចក្រដ៏ធំបំផុតមួយរបស់ខ្លួនជាមួយដៃគូវិនិយោគ។

ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នេះគឺជាផែនការរយៈពេលវែងរបស់ BYD ដើម្បីបង្កើនទីតាំងដ៏សក្តានុពលក្នុងការអភិវឌ្ឍន៍សមត្ថភាពជាមួយនឹងការចាប់ផ្តើមផលិតចាប់តាំងម៉ូដែលរថយន្តអគ្គិសនីធម្មតា ម៉ូដែល hatchback ទៅរថយន្តប្រណិតៗ។

គួរជម្រាបដែរថា BYD គឺជាក្រុហ៊ុនផលិតរថតយន្តអគ្គិសនី និងរថយន្តកូនកាត់ plug-in ដ៏ធំបំផុតរបស់ពិភពលោក ប្រសិនបើសំណើរសុំការវិនិយោគរបស់ឥណ្ឌាត្រូវបានអនុម័ត វានឹងផ្តល់ឱ្យ BYD មានវត្តមាននៅក្នុងទីផ្សាររថយន្តពិភពលោកសំខាន់ៗទាំងអស់ ដែលលើកលែងតែសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតគេក៏រំពឹងថា នាពេលខាងមុខ BYD នឹងក្លាយជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយ Tesla ដែលជាក្រុមហ៊ុននាំមុខគេលើវិស័យរថយន្តអគ្គិសនីបច្ចុប្បន្ន៕