(ឡុងដ៍)៖ ក្លិប Leeds United បានប្រកាសថា កីឡាករ Rodrigo ដែលផ្ទេរចូលក្នុងតម្លៃកំណត់ត្រារបស់ក្លិបនោះ បានផ្ទេរទៅចូលរួមជាមួយក្លិបកាតា Al-Rayyan។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

Leeds បានចំណាយប្រាក់ ២៧លានផោន នៅពេលដែលពួកគេចុះកិច្ចសន្យា នាំយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ មកពីក្លិប Valencia លើកិច្ចសន្យា ៤ឆ្នាំ ក្នុងឆ្នាំ២០២០ បន្ទាប់ពីក្លិបបានវិលត្រឡប់ ឡើងទៅលេងនៅលីគកំពូល Premier League។

កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានចេញទៅបន្ទាប់ពីបានបង្ហាញខ្លួន ៩៧លើក នៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប ដោយរកគ្រាប់បាល់បាន ២៨គ្រាប់ ហើយការចាកចេញរបស់ Rodrigo ទៅលេងនៅលីគកាតា Qatar Stars League បានធ្វើឡើង ខណៈការធ្លាក់ចេញពីលីគកំពូលរបស់ក្លិប Leeds ដោយត្រៀមលេងនៅរដូវកាលក្រោយ ក្នុងលីគ EFL Championship ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Daniel Farke៕