(បរទេស)៖ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផ្តាច់គម្រោងដែលមានតម្លៃប្រមាណ ១៩.៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនឥណ្ឌា Vedanta កាលពីដើមសប្តាហ៍នេះ ពេលនេះទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុន Foxconn កំពុងពិភាក្សាភាពជាដៃគូថ្មីជាមួយនឹងក្រុមហ៊ុមនផ្សេងដើម្បីចាប់ផ្តើមផលិតបន្ទះឈីបរួមគ្នាក្នុងប្រទេសឥណ្ឌា ដែលលើកនេះទំនងជាបង្កើនការវិនិយោគច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Foxconn កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតឈីបកំពូល Taiwan Semiconductor Manufacturing Company (TSMC) និងក្រុមហ៊ុន TMH Group របស់ប្រទេសជប៉ុន សម្រាប់ភាពជាដៃគូផ្នែកបច្ចេកវិទ្យា និងបណ្តាក់ទុនរួមគ្នាដើម្បីចាប់ផ្តើមផលិតបន្ទះឈីបក្នុងប្រទេសឥណ្ឌា។ ជាមួយនឹងផែនការថ្មីនេះ Foxconn ទំនងជាអាចនឹងទៅវិនិយោគនៅរដ្ឋ Gujarat ដែលជារដ្ឋដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌា នេះបើតាមប្រភពពី Reuters ដដែលបានរាយការណ៍អំពីការពិភ្សារវាងរដ្ឋាភិបាលរដ្ឋ Gujarat និង Foxconn។

ប្រសិនបើ Foxconn ទៅវិនិយោគពិតមែនគេមិនច្បាស់នោះទេថា តើរដ្ឋាភិបាលឥណ្ឌានឹងអនុញ្ញាត ឬក៏អត់នោះក៏ដោយសារតែ Foxconn ទើបតែបោះបង់គម្រោងមួយដែលមានទីតាំងនៅរដ្ឋកំណើតរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលការបញ្ចប់គម្រោងភ្លាមៗនោះបានប៉ះពាល់យ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ចក៏ដូចជាប៉ះពាល់ដ៏កិច្ចខិតខំប្រឹងប្រែងរបស់លោក Modi។

បើតាមការឱ្យដឹងពីអ្នកតំណាងរបស់ Foxconn ក្នុងប្រទេសឥណ្ឌា គម្រោងទៅវិនិយោគនៅរដ្ឋ Gujarat ទំនងជាមានពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងក្រុមហ៊ុនផលិតឈីប និងគ្រឿងអេឡិចត្រូនិកយក្សដូចគ្នា ដោយកាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុនផលិតឈីប Micron ទើបតែឱ្យដឹងថា ខ្លួននឹងបោះទុនប្រមាណ ៨២៥លានដុល្លារក្នុងការសាកល្បង និងវេចខ្ចប់សារធាតុ Semiconductor នៅក្នុងរដ្ឋនោះ៕