(ឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal បានសម្រេចក្នុងការចុះកិច្ចសន្យានាំយកខ្សែការពារ Jurrien Timber មកពីក្លិបហូឡង់ Ajax។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានក្លាយជាសមាជិកទី២ ដែលបានចុះកិច្ចសន្យាចូលរួមជាមួយក្លិបកាំភ្លើងធំ ក្នុងរដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Kai Havertz មកពីក្លិបរួមលីគតោខៀវ Chelsea។

Timber បានចំណាយពេល ៩ឆ្នាំលេងនៅ Ajax បន្ទាប់ពីចូលរួមជាមួយក្លិបហូឡង់នេះ ក្នុងកម្រិតយុវជនដោយផ្ទេរមកពីក្លិប Feyenoord កាលឆ្នាំ២០១៤។

កីឡាករអន្តរជាតិហូឡង់ Timber បានលេង ១២១ប្រកួតសម្រាប់ Ajax ដោយបានឈ្នះពានរង្វាន់ចំនួន៣។

លោកក៏ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំលីគកំពូលហូឡង់ Eredivisie Player of the Year ក្នុងរដូវកាល២០២១-២២​ ខណៈក្លិបមានមូលដ្ឋាននៅទីក្រុង Amsterdam នេះ បានឈ្នះពានរង្វាន់លីគ លើកទី៣៦ របស់ពួកគេ។

Timber មានព័ត៌មានថា ផ្ទេរទៅលេងឲ្យ Manchester United កាលពីរដូវក្តៅមុន ប៉ុន្តែបានសម្រេចចិត្តផ្លាស់ទៅលេងឲ្យ Arsenal ជាមួយនឹងសេចក្តីរាយការណ៍ថា បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៨៕