(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានយកចិត្តទុកដាក់ការពារយ៉ាងខ្លាំង ទៅដល់អតិថិជនរបស់ខ្លួនដើម្បីគេចផុតពីការក្លែងបន្លំ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយទទួលបានវិញ្ញាបនបត្រដ៏ល្បីល្បាញមួយស្តីពី បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់ ឬហៅកាត់ជាភាសាអង់គ្លេស PCI DSS។

ពិធីទទួលវិញ្ញាបនបត្រ PCI DSS ត្រូវបានប្រគល់ទៅដល់អគ្គនាយកធនាគារ វីង លោក ហាន ប៉េងក្វាង ដោយបានរៀបចំធ្វើឡើងនាពេលកន្លងទៅថ្មីៗនេះ នៅឯអគារការិយាល័យកណ្តាលរបស់ធនាគារ វីង ដែលទើបត្រូវបានកែលម្អឡើងវិញដ៏ទំនើប ស្ថិតក្នុងតំបន់ពាណិជ្ជកម្មនៃកណ្តាលរាជធានីភ្នំពេញ។

ការសម្រេចបានអនុលោមភាពស្តង់ដារ PCI DSS គឺជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដែលតែងតែយកចិត្តទុកដាក់រក្សាបាននូវការការពារខ្ពស់បំផុតចំពោះសុវត្ថិភាពទិន្នន័យ ដោយផ្តល់ជូនបទពិសោធន៍ដល់អតិថិជនក្នុងការទិញទំនិញតាមអនឡាញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព ហើយជាសេវាកម្មអាចទុកចិត្តបាន។

អនុលោមភាពស្តង់ដារស្តីពីបទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់ (PCI DSS Compliance) គឺជាស្តង់ដារសុវត្ថិភាពដែលមានលក្ខណៈសត្យានុម័ត និងហ្មត់ចត់ ដែលត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាស្តង់ដារសុវត្ថិភាពឧស្សាហកម្មបណ្ណទូទាត់ (PCI SSC) ដែលជាស្ថាប័នសកលមួយបណ្តុំទៅដោយក្រុមហ៊ុនពាក់ព័ន្ធក្នុងឧស្សាហកម្មបណ្ណទូទាត់ធំៗដូចជា៖ ក្រុមហ៊ុន American Express ក្រុមហ៊ុន Discover ក្រុមហ៊ុន JCB ក្រុមហ៊ុន Mastercard និងក្រុមហ៊ុន VISA ជាដើម ហើយមានគោលដៅការពារទិន្នន័យ ព្រមទាំងរក្សាបរិយាកាសទូទាត់ប្រកបដោយសុវត្ថិភាពទៅដល់ម្ចាស់បណ្ណ។

ធនាគារ វីង បានទទួលវិញ្ញាបនបត្រ PCI DSS តាមរយៈការវាយតម្លៃឯករាជ្យដោយក្រុមហ៊ុនវាយតម្លៃសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QSA) គឺក្រុមហ៊ុន SISA ដោយប្រើប្រាស់និតិវេជ្ជវិទ្យាក្នុងការផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

ក្រុមហ៊ុន SISA ទទួលបានទំនុកចិត្តពីក្រុមហ៊ុនជាង ២០០០ ស្ថាប័ន ដែលស្ថិតនៅក្នុង ៤០ ប្រទេស សម្រាប់ការធានាដល់ដំណើរការអាជីវកម្មរបស់ពួកគេដោយទទួលបានការការពារ តាមដាន និងដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ វិធីសាស្រ្តផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត របស់ក្រុមហ៊ុន SISA គឺជាការផ្តោតលើអតិថិជន ដោយប្រើប្រាស់និតិវេជ្ជវិទ្យា និងបច្ចេកវិទ្យាបញ្ញានិម្មិត។

លោក Mukesh H Khanwani នាយកក្រុមហ៊ុន SISA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា «ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ វីង ចំពោះការធានាបាននូវសុវត្ថិភាពទិន្នន័យ និងការប្រកាន់ខ្ជាប់ស្របតាមស្តង់ដារសកល ដែលធ្វើឲ្យធនាគារ វីង ពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់ជាមួយវិញ្ញាបនបត្រ PCI DSS»

លោក Mukesh H Khanwani បានបន្តថា «តាមរយៈការអនុលោមតាមលក្ខណ្ឌតម្រូវដ៏តឹងរ៉ឹងដែលត្រូវបានកំណត់ដោយស្តង់ដារសកល ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជូន ដោយអាចរក្សាបាននូវបណ្ណដែលមានសុវត្ថិភាព ហើយថែមទាំងអាចការពារទំនុកចិត្តរបស់អតិថិជនរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ»

ក្នុងដំណើរការនៃការទទួលបានវិញ្ញាបនបត្រនេះ ធនាគារ វីង បានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយក្រុមហ៊ុន SISA ដែលជាក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាឯករាជ្យដែលទទួលស្គាល់សិទ្ធិ ដោយក្រុមប្រឹក្សាស្តង់ដារសុវត្ថិភាពឧស្សាហកម្មបណ្ណទូទាត់។ ក្រុមការងារផ្នែកសន្តិសុខរបស់ SISA ដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើប្រព័ន្ធ គោលនយោបាយ និងនីតិវិធីនានា ដើម្បីប្រាកដថា ធនាគារ វីង បានប្រតិបត្តិតាមយ៉ាងពេញលេញ ជាមួយនឹងលក្ខណ្ឌតម្រូវយ៉ាងតឹងរ៉ឹងពីបទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្ណទូទាត់។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា «សមិទ្ធិផលដែលយើងសម្រេចបានការអនុលោមភាព PCI DSS បានគូសបញ្ជាក់ពីជំហររបស់ធនាគារ វីង ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារទិន្នន័យអតិថិជន និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព»

លោក ហាន ប៉េងក្វាង បានបញ្ជាក់បន្ថែមថា «ការទទួលបាននូវសមិទ្ធិផលនេះ ធនាគារ វីង នៅតែបន្តបោះជំហានទៅមុខដើម្បីភាពរីកលូតលាស់ និងនវានុវត្តន៍ ក៏ដូចជាធានាបាននូវនូវសុវត្ថិភាពខ្ពស់បំផុតចំពោះអតិថិជនរបស់យើង»

ធនាគារ វីង បាន ក្លាយជាគ្រឹះស្ថាននាំមុខគេមួយក្នុងការនាំយកនូវគំនិតច្នៃប្រឌិតថ្មីៗ នៅក្នុងវិស័យធនាគារនៅកម្ពុជា។ ជាក់ស្តែង កាលពីខែមេសា ឆ្នាំ២០២២ ធនាគារ វីង បានសហការជាមួយក្រុមហ៊ុន Mastercard ដើម្បីដាក់ឲ្យប្រើប្រាស់កាតឥណពន្ធ Mastercard របស់ធនាគារ វីង ដែលជាកាតគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា។
កាតនេះ គឺមានគោលដៅផ្តល់ជូនម្ចាស់ប័ណ្ណនូវភាពបត់បែននៃការទូទាត់កាន់តែច្រើន ខណៈពេលដែលជំរុញបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា។ បន្ថែមលើនេះ ធនាគារ វីង ក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកាតឥណទាន វីង វីសា និងកាតឥណពន្ធ វីង វីសា កាលពីខែ កុម្ភៈ ឆ្នាំ២០២៣ ដែលជាការពង្រីកបន្ថែមទៀតនៃសេវាកម្មរបស់ខ្លួន។

ការសម្រេចបាននូវការអនុលោមភាព PCI DSS នឹងរួមចំណែកពង្រឹងជំហបន្ថែមទៀតរបស់ធនាគារ វីង ក្នុងនាមជាគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ជាដៃគូទុកចិត្តសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មនានា ដែលកំពុងស្វែងរកសេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។

វិញ្ញាបនបត្រនេះ បានគូសបញ្ជាក់ឲ្យឃើញថា ធនាគារ វីង ពិតជាបានប្រតិបត្តិតាមវិធានការសុវត្ថិភាពដ៏តឹងរ៉ឹង និងការអនុវត្តល្អបំផុតក្នុងវិស័យធនាគារ ក្នុងការកាត់បន្ថយហានិភ័យនៃការលួចទិន្នន័យ ដោយធានាបាននូវភាពសម្ងាត់ ភាពត្រឹមត្រូវ ចំពោះការការពារទិន្នន័យទៅដល់ម្ចាស់បណ្ណ៕