(កូរ៉េ)៖ មានពាក្យចចាមអារ៉ាមជាច្រើន កំពុងត្រូវបានលើកមកពិភាក្សាពាក់ព័ន្ធនឹងវត្តមាន របស់ក្រុមចម្រៀង K-POP BLACKPINK នៅក្នុងផលិតកម្ម YG ត្បិតកុងត្រាចាស់របស់ពួកគេ នឹងផុតកំណត់នៅក្នុងខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ក្រុមតារា K-pop ភាគច្រើន ជាធម្មតាចុះកិច្ចសន្យាជាមួយភ្នាក់ងារផលិតកម្មរៀងៗខ្លួន ដែលមានរយៈពេលប្រាំពីរឆ្នាំ។ ដូចនេះរយៈពេលប្រាំពីរឆ្នាំសំដៅ ទៅលើសកម្មភាពនានា ដែលក្រុមចម្រៀងធ្វើការរួមគ្នា ខណៈអ្នកគាំទ្រតែងតែរង់ចាំមើល ក្នុងរយៈពេល៧ឆ្នាំបន្ទាប់ ថានឹងទៅជាយ៉ាងណា ពេលដល់កំណត់កុងត្រា។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកក្កដា ពាក្យចចាមអារ៉ាមរបស់ Blackpink ជាក្រុម ត្រូវបានសាយភាយ និងការបោះពុម្ពផ្សាយថា មានឱកាសខ្ពស់ ដែល Lisa សមាជិក Blackpink ចាកចេញពី YG Entertainment នៅពេលដែលកិច្ចសន្យារបស់នាងផុតកំណត់។

គេហទំព័រ Munhwa Ilbo បានពន្យល់ថា ភាគីទាំងពីរ «មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនោះទេ ដោយបន្ថែមថាការពិភាក្សាបន្តកិច្ចសន្យាសម្រាប់ Jisoo, Jennie និង Rose» បានដំណើរការទៅដោយរលូន ខណៈ Lisa ហាក់មិនមានសកម្មភាពណាមួយ ដូចទៅនឹងពាក្យចចាអារ៉ាមខាងលើនោះទេ។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ភាពមិនប្រាកដប្រជា) គឺដោយសារតែការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដែលកំពុងបន្តរបស់ Blackpink ក៏ដូចជាសកម្មភាពផ្ទាល់ខ្លួនរបស់ Lisa ផងដែរ។ វាមិនមានអ្វីទាក់ទងនឹងការបន្តកិច្ចសន្យា ដែលកំពុងពិភាក្សានាពេលនេះទេ»

ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែមានរបាយការណ៍របស់ Munhwa Ilbo ខាងលើ ភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះជិត ៧ភាគរយផងដែរ៕