(បរទេស)៖ ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់ទៅផលិតស្មាតហ្វូនប្រើបណ្តាញ5G វិញហើយ ក្រោយការហាមឃាត់ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលហាមប្រាមលើក្រុមហ៊ុននានានៅប្រទេលលោកខាងលិចមិនឱ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សចិនមួយនេះដោយអះអាងពីបញ្ហា សន្តិសុខ និងសុវត្ថិភាពក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

 ការវិលត្រឡប់ទៅកាន់ទីផ្សារបណ្តាញ 5G បង្ហាញពីភាពជោគជ័យដ៏ធំរបស់ Huawei ទៅលើយុទ្ធសាស្រ្តទីផ្សារបស់ខ្លួន ដែលបានយកឈ្នះនឹងការហាមឃាត់ពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងរយៈពេល ៣ឆ្នាំមកនេះ។ វិលត្រឡប់ទៅមុនឆ្នាំ២០១៩ Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលឈរនៅលេខរៀងទីពីរនៃក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក ហើយក៏ជាគូរប្រជែងដ៏ខ្លាំងក្លាជាមួយ Apple និង Samsung ផងដែរ។ ប៉ុន្តែក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានធ្វើការហាមយាត់ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុន Huawei ដោយសហរដ្ឋអាមេរិកប្រាប់ទៅបណ្តាក្រុមហ៊ុននានាក្នុងប្រទេសរបស់ខ្លួនមិនឱ្យលក់ផលិតផល ឬសេវាកម្មទៅឱ្យក្រុមហ៊ុន Huawei ដោយគ្មានអាជ្ញាប័ណ្ណនោះទេ ដោយបញ្ជាក់ពីមូលហេតុថា ក្រុមហ៊ុនចិននេះអាចប្រើប្រាស់ឧបករណ៍របស់ខ្លួនដើម្បីលួចយកទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនរបស់សហរដ្ឋអាមេរិក ដែលវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ និងសុវត្ថិភាពក្នុងប្រទេស។

យោងតាមរបាយការណ៍ចុងក្រោយនេះបានឱ្យដឹង Huawei អាចនឹងវិលត្រឡប់ទៅប្រើបន្ទះឈីប 5G ដែលត្រូវបានបង្កើតឡើងក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនចិន Semiconductor Manufacturing International Corporation (SMIC) នៅក្នុងស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគេរំពឹងថា អាចនឹងចេញលក់នៅចុងឆ្នាំនេះ។ បើតាមការគូសបញ្ជាក់ពីប្រភពដដែរបានបន្ថែមទៀតថា ក្រុមហ៊ុនទាំងពីរកំពុងផលិតបន្ទះឈីប 5G រួមគ្នាដោយប្រើដំណើរការផលិត N+1 របស់ SMIC និង Software EDA របស់ Huawei៕