(កំពង់ស្ពឺ)៖ ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ដើម ក្នុងខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភដោយអ្នកចូលរួមកម្មវិធី «ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games» ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅកីឡដ្ឋានកំពង់ស្ពឺ។

អំឡុងពេលកម្មវិធី «ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games» អ្នកចូលរួមអាចជ្រើសរើសឧបត្ថម្ភជាទឹកប្រាក់ ឬឧបត្ថម្ភជាកូនឈើ។ កូនឈើនីមួយៗ ដែលបានដាំ មានដាក់ស្លាកឈ្មោះ ដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភនៅក្បែរកូនឈើ។ សរុបរួម មានកូនឈើ ៨៥០ដើម ត្រូវបានឧបត្ថម្ភដែលក្នុងនោះ ៤០០ដើម ត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។

កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយ នៅក្នុងស្រុកត្រគៀតជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ដែលមានវត្តមាន លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឲ្យដឹងថា «ខ្ញុំរីករាយដែលបានឃើញការដាំកូនឈើលើកដំបូងបែបនេះ នៅក្នុងភូមិរបស់ខ្ញុំចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស»

នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្ត មកពីក្រុមហ៊ុនណាហ្គាវើលដ៍៥០នាក់ និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍៥០នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា។

លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍បាននិយាយថា «យើងពឹងទៅលើដើមឈើដោយសារវាផ្តល់ខ្យល់ ឲ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំងក្នុងពេលអនាគត។ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងអាចដើម្បីការពារបរិស្ថានមុនហួសពេល»

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «ការលើកកម្ពស់ការយល់ដឹង ក្នុងចំណោមសាធារណជនអំពីសារសំខាន់ នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់។ ការដាំកូនឈើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់យើង ដែលជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមានសំដៅឆ្ពោះទៅរកការការពារធនធានធម្មជាតិដែលយើងម្នាក់ៗអាចធ្វើបាន»

គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានបេសកកម្មផ្តល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្តគម្រោងសហគមន៍។
កម្មវិធីបច្ចុប្បន្នរបស់សហគមនេះ រួមមាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារ មកពីសហគមន៍ប្រមាណ៦០០នាក់។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងចូលរួមគាំពារបរិស្ថានដើម្បីចូលរួមធ្វើ ឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយបានដាំកូនឈើប្រមាណ ៤,១៩៨ដើម គិតមកដល់បច្ចុប្បន្ន សម្រាប់អនាគតប្រកបដោយនិរន្តរភាព។

តាមរយៈយុទ្ធនាការ «កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការដាំកូនឈើ» ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្តេជ្ញាការពារបរិស្ថានដើម្បីសហគមន៍ ឲ្យកាន់តែមានភាពស្រស់បំព្រង៕