(តូរីន)៖ ក្លិបយក្សនៅអ៉ីតាលី Juventus បានប្រកាសពីរៀបចំចាកចេញពីគម្រោងបង្កើតលីគនៅអឺរ៉ុបថ្មី European Super League (ESL) ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងទៀត ក្រោយពេលមើលឃើញថា មានអ្នកប្រឆាំងច្រើនឡើង។

ESL ត្រូវបានបែកធ្លាយកាលឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ក្លិបអេស្ប៉ាញ ២ក្រុមរួមមាន FC Barcelona និង Real Madrid រួមទាំងក្លិបលេងនៅ Serie A គឺសេះបង្កង់ Juventus ផងដែរ។

ក៏ប៉ុន្តែកាលពីខែមុននេះ Juventus ក៏បានពិភាក្សាជាមួយក្លិបអេស្ប៉ាញខាងលើ ដែលបច្ចុប្បន្នពួកគេ ក៏បានជជែកគ្នាពីគម្រោងចាកចេញផងដែរ ដែលការចាកចេញនេះ វាអាចផ្តល់ឱកាសឲ្យ Barcelona និង Real Madrid បន្តដឹកនាំធ្វើគម្រោងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ Juventus ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា «ក្រោយការជួបពិភាក្សា និងភាពខ្វែងគំនិតគ្នានៃលក្ខខណ្ឌដែលនឹងត្រូវអនុវត្តចំពោះគម្រោង Super League នោះ Juventus សូមបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមនីតិវិធី ដើម្បីចាកចេញពីគម្រោងការនេះ»