(បាត់ដំបង)៖ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ទទួលស្វាគមន៍អតិថិជនរបស់ខ្លួនមកកាន់ទីតាំងថ្មីនៃសាខាបាត់ដំបង ដែលសាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងនៃសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។

ទីតាំងថ្មីនេះ ស្ថិតនៅក្នុងសំណង់អភិរក្សដ៏ស្រស់ស្អាត ក្នុងក្រុងបាត់ដំបង ទីក្រុងបុរាណដែលឈានមុខគេក្នុងការផលិតអង្ករ។ ធនាគារ មេយប៊ែង បានរក្សាយ៉ាងល្អនូវទ្រង់ទ្រាយដើមរបស់អគារ តែក៏បានបំពាក់នូវបរិក្ខាទំនើបៗក្នុងបរិវេណធនាគារ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនក្នុងស្រុក។

ដើម្បីអបអរសារទរការបើកដំណើរការ ទីតាំងថ្មីនៃសាខាបាត់ដំបងនេះ ធនាគារ មេយប៊ែង បានរៀបចំ
«កម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អតិថិជន» ដើម្បីសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការគាំទ្រពីសំណាក់អតិថិជនកន្លងមក។ កម្មវិធីនេះក៏មានបទបង្ហាញអំពីប័ណ្ណឥណទាន Maybank 2 cards របស់ធនាគារ មេយប៊ែង ដែលទើបនឹងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះផងដែរ។

ប័ណ្ណនេះ ត្រូវបានរចនាឡើងតាមលំនាំឆ្នូតខ្លា ដែលតំណាងឱ្យភាពក្លាហាន ភាពរឹងមាំ និងភាពជាអ្នកដឹកនាំ ដែលជាគុណតម្លៃដែលធនាគារ មេយប៊ែង តែងតែប្រកាន់ខ្ជាប់។ ការរចនានេះ ក៏ត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងសូត្រមាសខ្មែរ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃក្រណាត់ដ៏ប្រណីត និងល្អបំផុតលើពិភពលោក។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា «យើងពិតជាមានមោទកភាព ដែលបានចូលរួមចំណែកក្នុងការអភិរក្សអគារប្រវត្តិសាស្ត្រ ក្នុងខេត្តបាត់ដំបងមួយនេះ។ អគារនេះ មិនមែនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានទីតាំងល្អសិ្ថតនៅចំកណ្តាលទីក្រុង។ យើងសង្ឃឹមថា អតិថិជនរបស់យើងនឹងរីករាយជាមួយនឹងអារម្មណ៍មួយ នៃទិដ្ឋភាពសម័យមុន ខណៈពេលដែលប្រើប្រាស់សេវាកម្មធនាគារជាមួយពួកយើង»

ទីតាំងថ្មីនេះ មានបរិវេណសាលធនាគារធំជាងមុនជាមួយការរៀបចំកន្លែងរង់ចាំ ដែលផ្តល់ផាសុកភាព កន្លែងចតយានយន្តធំទូលាយ និងក្រុមការងារបម្រើអតិថិជនដែលប្រកបដោយវិជ្ជាជីវៈ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនដែលមានកំណើនជាលំដាប់។ ទីតាំងថ្មីនេះផងដែរ ក៏ផ្ដល់នូវសេវាធនាគារ និងហិរញ្ញវត្ថុដ៏ពេញលេញ ដែលរួមមានសេវាកម្មធនាគារបុគ្គល ធនាគារកិច្ចពាណិជ្ជកម្ម និងសេវាធានារ៉ាប់រង។ ទីតាំងនេះ ក៏បានបំពាក់ជាមួយនឹងម៉ាស៊ីនដកនិងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ដែលបើកដំណើរការ ២៤ ម៉ោង។

លោក រ័ត្ន សោភ័ណ្ឌ បានបន្ថែមទៀតថា «ចាប់តាំងពីការផ្លាស់ប្តូរមកកាន់ទីតាំងថ្មីនេះ យើងបានទទួលការស្វាគមន៍ពីសំណាក់អតិថិជនរបស់យើងយ៉ាងកក់ក្តៅ ហើយយើងក៏សង្កេតឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងមតិវិជ្ជមានជាច្រើនអំពីទីតាំងថ្មីនេះ។ ខ្ញុំជឿជាក់ថាសាខាថ្មីនេះ គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ការពង្រីកអាជីវកម្មរបស់អតិថិជនយើងក្នុងខេត្តបាត់ដំបង ហើយយើងប្តេជ្ញា ក្នុងការបន្តផ្តល់នូវបទពិសោធន៍ធនាគារល្អបំផុតជូនអតិថិជន។»

សាខានេះ មានទីតាំងស្ថិតនៅលើផ្លូវលេខ៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕